ព័ត៌មានជាតិ

សម្ដេចធិបតី ៖ កត្តា​ធម្មជាតិ​ មិនអាចបន្ទច់បង្អាក់ ការងាររាជរដ្ឋាភិបាលកម្ពុជា បានឡើយ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែង​ឱ្យ​ដឹង​ថា​ទោះបីពិភពលោកបច្ចុប្បន្ន មិនអាចយកឈ្នះធម្មជាតិ ប៉ុន្ដែធម្មជាតិ ក៏មិនអាចបន្ទច់បង្អាក់ការងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានឡើយ។

សម្ដេចធិបតី លើកឡើងបែបនេះ​ក្នុង​ឱកាស​អញ្ជើញបើកពិធីបុណ្យសមុទ្រ នៅខេត្តកែប នៅល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ហើយមានភ្លៀងធ្លាក់យ៉ាងខ្លាំង។

នាឱកាសអញ្ជើញជាអធិបតីបិទពិធីបុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» រៀបចំឡើងនៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ​ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាកថា «ពិតណាស់ យើងមិនទាន់មានលទ្ធភាព គ្រប់គ្រងទៅលើអាកាសធាតុ គឺថា មាតាធម្មជាតិទាំងមូលទេ លើពិភពលោកនេះ។ ប៉ុន្ដែដំណើរការមាតាធម្មជាតិ ក៏មិនអាចរាំងស្ទះនូវដំណើរការវិវត្តន៍របស់យើង។ អាចរំខាន អាចធ្វើឱ្យពន្យាពេលខ្លះ ប៉ុន្ដែដំណើរ គឺទៅមុខ។ ជាក់ស្ដែងគឺការប្រារព្ធពិធីបុណ្យសមុទ្រ នៅខេត្តកែប តែម្ដង»។

ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ ចំពោះក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នារៀបចំ និងអនុវត្ត ពិធីបុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែបនេះយ៉ាងអធិកអធមផងដែរ៕

To Top