កំពង់ចាម ៖ ក្នុងវេទិកា ផ្សព្វផ្សាយពិគ្រោះយោបល់ ដើម្បីដោះស្រាយ សំណើរសំណូមពរ និងកង្វល់ របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកចំការលើ ក្រុមប្រឹក្សា និងរដ្ឋបាលខេត្ត ទទួលបានសំណើរសំណូមពរ និងកង្វល់ចំនួនសរុប ចំនួន ២២ ក្នុងនោះ ដោះស្រាយភ្លាមៗបានចំនួន ៤ ករណី និងនៅសេសសល់ ត្រូវបានយកទៅពិភាក្សា ដោះស្រាយតាមនិតិវិធីរដ្ឋបាល ។
វេទិកានេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៣ នេះ ក្នុងបរិវេណវត្តតាអុង ភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម ព្រមទាំងមានការចូលរួម ពីមន្រ្តី អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋ សរុបចំនួន ៥៣៨នាក់។
ស្ថិតក្នុងឱកាសនោះ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបន្តការអនុវត្ត អភិក្រម ឆ្លុះបញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ យុទ្ធសាស្ត្រ-ដំណាក់កាលទី១ កំណត់យកនូវអាទិភាព គន្លឹះចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។
លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ នាពេលនេះ ពិតជាបានផ្ដល់ឱកាស ដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវ របាយការណ៍បូកសរុប លទ្ធផលការងារដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយ សម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។
លោកប្រធានក្រុមប្រឹក្សាខេត្ត បានបន្តថា ក្នុងវេទិកានេះ បានពិភាក្សា ពិគ្រោះយោបល់ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញ នូវបញ្ហាអាទិភាពសំខាន់ៗ ដោយក្នុងនោះ មានសំណូមពរ មួយចំនួន ត្រូវបានដោះស្រាយភ្លាមៗ និងសំណើរសំណូមពរ ដែលនៅសេសសល់ គឺរដ្ឋបាលខេត្ត យកទៅពិនិត្យ ពិចារណាធ្វើការដោះស្រាយតាមនិតិវិធីរដ្ឋបាលបន្តទៀត ក្នុងទិសដៅ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេស ពង្រឹងការចូលរួម របស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់គាត់ ឱ្យកាន់តែល្អប្រសើរឡើង និងក្នុងគោលបំណង ពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិផងដែរ ៕