ព័ត៌មានជាតិ

សម្តេច ឃួន សុដារី ៖ រាល់ពេលមកដល់ឡាវ សម្ដេចតែងមានអារម្មណ៍ថា «មកលេងផ្ទះបងប្អូនរបស់ខ្លួន»

ភ្នំពេញ ៖ សម្តេចធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងប្រាប់ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្រ្តីរាជការរដ្ឋសភាឡាវថា រាល់ពេលសម្តេច អញ្ជើញមកបំពេញទស្សនកិច្ចនៅឡាវលើកណាតែងតែមានអារម្មណ៍ថា «ជាការមកលេងផ្ទះបងប្អូនរបស់ខ្លួន»

សម្តេច ឃួន សុដារី បានលើកឡើងដូច្នេះ នៅថ្ងៃ៣ ធ្នូ ក្នុងឱកាសលោក Xaysomphone Phomvihane ប្រធានរដ្ឋសភាឡាវ បានរៀបចំលៀងសាយភោជន៍ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងពេលបំពេញទស្សនកិច្ចនៅឡាវ ។

ប្រធានរដ្ឋសភាឡាវ ក៏បានលើកឡើងថា លើសពីអ្នកជិតខាងល្អ កម្ពុជានិងឡាវជាដន្លងនឹងគ្នា។ ដំណើរទស្សនកិច្ច សម្តេចប្រធានរដ្ឋសភា នាពេលនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទំាងពីរកាន់តែស្អិតរមួតឡើង នៅលើគ្រប់វិស័យនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរបន្ថែមទៀត។

សម្តេច ឃួន សុដារី និង លោក Xaysomphone Phomvihane បានវាយតម្លៃខ្ពស់លើលទ្ធផលនៃជំនួបពិភាក្សារវាងថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរសម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទក។ ក្រោមការពិភាក្សា ផ្លាស់ប្តូរទស្សនៈ មតិយោបល់ និងបទពិសោធន៍ជាក់ស្តែង រវាងគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធស្នាល ត្រង់ទៅត្រង់មក និងដោយភាពជឿទុកចិត្តលើគ្នាទៅវិញទៅមក ជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តពង្រឹងពង្រីក និងលើកកម្ពស់នូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

ថ្នាក់ដឹកនាំ រដ្ឋសភាប្រទេសទំាងពីរ មានសុទិដ្ឋិនិយម និងជំនឿយ៉ាងមុតមំាថា ក្រោមកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនទំាងពីរ នឹងសម្រេចបានសុខដុមរមនា និងវិបុលភាព ជូនប្រជាពលរដ្ឋយើងទាំងសងខាង ទាំងពេលបច្ចុប្បន្ន និងអនាគត។

សូមបញ្ជាក់ថា មុនពិធីលៀងសាយភោជន៍ ថ្នាក់ដឹកនាំនិងសមាជិករដ្ឋសភាឡាវ បានរៀបចំពិធីបែបសាសនា សុំសេចក្តីសុខសេចក្តីចម្រើន ជូនសម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូរដ្ឋសភាកម្ពុជាទំាងអស់ និងបានបួងសួងឲ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ដ៏ល្អនៃប្រទេសទំាងពីរបានគង់វង្សជារៀងតទៅ ហើយប្រទេសទំាងពីរ ទទួលបានសុខសន្តិភាព មានការអភិវឌ្ឍជារៀងរហូត៕

To Top