ភ្នំពេញ ៖ គណៈកម្មការកិច្ចការ បរទេសរដ្ឋសភាកម្ពុជា និងរដ្ឋសភាប្រទេសឡាវ បានជួបពិភាក្សាទ្វេភាគី ក្នុងនោះភាគីទាំងពីរ បានប្តេជ្ញាបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរដ្ឋសភា ជាមួយគ្នាឲ្យកាន់តែប្រសើរឡើង ។
ការជួបពិភាក្សាការងារនេះ ក្រោយកិច្ចប្រជុំទ្វេភាគីរវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយលោកបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភា ឡាវកាលពីថ្ងៃ៣ ធ្នូ ។
ក្នុងជំនួបភាគីបានពិភាក្សា អំពីសកម្មភាពដែលត្រូវអនុវត្តបន្ត ដោយទទួលបានលទ្ធផល សំខាន់ៗរួមមាន៖ ភាគីទាំងពីរស្វាគមន៍ ទំនាក់ទំនងជាប្រពៃណី នៃការផ្លាស់ប្តូរទៅវិញទៅមក កិច្ចសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី ដោយបន្តគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាសភាតំបន់និងអន្តរជាតិ។
រដ្ឋសភាទាំងពីរនឹង បន្តសហការគ្នាអនុវត្តអនុស្សរណៈយោគយល់គ្នា ដែលបានចុះហត្ថលេខារួចហើយ និងបន្តតាមដានការអនុវត្តកិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលនៃ ប្រទេសទាំងពីរបានព្រមព្រៀង។ ក្នុងនោះភាគីទាំងពីរ ក៏បានកោតសសើរអំពីការផ្លាស់ប្តូរ ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ដែលបានសហការគ្នាយ៉ាងល្អក្នុងវិស័យវប្បធម៌ អប់រំ កីឡា និងទេសចរណ៍ ។
ជាងនេះភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងជំនួបកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ដែលកិច្ចប្រជុំលើកទី១ នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅប្រទេសឡាវ។
ភាគីទាំងពីរសង្ឃឹមថា កិច្ចប្រជុំកំពូលសភា CLV លើកទី១នេះ ក៏នឹងឈានទៅបង្កើតសមាគម សមាជិកសភា មកពីខេត្តក្នុង តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ផងដែរ ៕