ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ រាប់លាននាក់ទទួលការព្យាបាលជំងឺពីមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត នីវ៉ាត់ អិនថារ៉ាវិឈាន(NIWAT INTARAWICHIAN) អគ្គនាយកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានគូសបញ្ជាក់ថា អស់រយៈពេល ៩ឆ្នាំមកហើយដែលមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បានមើលថែសុខភាពប្រជាជនកម្ពុជារាប់លាននាក់ និងផ្ដល់សេវាថែទាំសុខភាពលំដាប់ពិភពលោក ព្រមទាំងវេជ្ជសាស្ដ្រដ៏ល្អបំផុត ដូចគ្នាទៅនឹងមន្ទីរពេទ្យបាងកក ប្រទេសថៃ។

ការលើកឡើងរបស់លោកនេះ ក្នុងពិធីអបអរសាទរគម្រប់ខួប៩ឆ្នាំ របស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ កាលពីយប់ថ្ងៃ២ ធ្នូ ដែលមានការអញ្ជើញចូលរួមពីលោក ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ តំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា។

លោកវេជ្ជបណ្ឌិត នីវ៉ាត់ អិនថារ៉ាវិឈាន ឲ្យដឹងទៀតថា មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាសមាជិកនៃ Bangkok Dusit Medical Services (BDMS) ដែលជាបណ្ដាញមន្ទីរពេទ្យក៏មានកិត្យានុភាពបំផុតមួយនៅប្រទេសថៃ និងក្នុងតំបន់អាស៊ីប៉ាស៊ី ។ លោកវេជ្ជបណ្ឌិតថា មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ទទួលបានការគាំទ្រពីស្រទាប់មហាជនក្នុងស្រុក និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលមានវត្តមាននៅកម្ពុជា តែងតែនឹកគិត និងស្វែងរកដើម្បីពិគ្រោះ ពិភាក្សា និងព្យាបាលដោយទំនុកចិត្ត ដោយមិនចាំបាច់ទៅព្យាបាលនៅក្រៅស្រុកនោះឡើយ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា មិនត្រឹមតែប៉ុណ្ណោះ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាមន្ទីរពេទ្យក្នុងស្រុកដំបូងគេ ដែលត្រូវបានទទួលស្គាល់ដោយ JCI ៣ដងជាប់ៗគ្នាតាំងពីឆ្នាំ ២០១៧ , ២០២០ និងថ្មីៗនេះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។

លោកវេជ្ជបណ្ឌិតអះអាងថា «យើងជាមន្ទីរពេទ្យដែលមានស្តង់ដារស្របតាមមាត្រាដ្ឋានអន្ដរជាតិ មានក្រុមគ្រូពេទ្យពោរពេញដោយជំនាញច្បាស់លាស់ ឧបករណ៍ទំនើប គោរពគោលការណ៍សុវត្ថិភាព និងឯកជនភាពខ្ពស់របស់អ្នកជំងឺ ហើយធ្វើការយ៉ាងស្អិតរមួតជាមួយដៃគូធានារ៉ាប់រងដល់ទៅជាង១០០ ទូទាំងប្រទេស។ ត្បិតតែយើងធ្វើបានយ៉ាងល្អក៏ពិតមែន អំឡុងពេល៩ ឆ្នាំមកនេះ ប៉ុន្ដែវាមិនទាន់គ្រប់គ្រាន់នោះទេសម្រាប់យើង ។ យើងខ្ញុំនៅតែបន្ដខិតខំប្រឹង ប្រែងលើគុណភាពសេវាកម្មរបស់យើង ឲ្យស្របតាមគោលការណ៍ 5G របស់មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ នោះគឺ៖ Good Doctor, Good Nurse, Good Hospitality, Good Technology, and Good IT ដើម្បីនៅតែបន្ដ Smart Hospital ដែលជាដៃគូដ៏ទុកចិត្តរបស់អ្នកជំងឺគ្រប់រូប»។

លោកវេជ្ជបណ្ឌិត នីវ៉ាត់ អិនថារ៉ាវិឈាន បន្តទៀតថា មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ មានក្រុមគ្រូពេទ្យជំនាញ និងសហការគ្នាខ្ពស់ ជាមួយវេជ្ជបណ្ឌិតពីមន្ទីរពេទ្យបាងកក ធានានូវជំនាញក្នុងការវះកាត់ទូទៅ ការវះកាត់ខួរក្បាល ការវះកាត់ឆ្អឹងខ្នង ការវះកាត់បេះដូង ការវះកាត់ត្រគៀក និងជង្គង់ ការវះកាត់ទំនើបដែលបន្សល់នូវស្លាកស្នាមតូច ដែលអ្នកជំងឺនឹងមានការជាសះស្បើយឆាប់រហ័ស។ ទន្ទឹមនេះ សេវាកម្មសង្គ្រោះបន្ទាន់ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ការសង្គ្រោះ និងថែទាំអាយុជីវិតដល់អ្នកជំងឺ ហើយមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាមន្ទីរពេទ្យតែមួយគត់ដែលផ្ដល់ការព្យាបាលលំដាប់ពិភពលោកនៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត Narintara Boonjongcharoen នាយកប្រតិបត្តិក្រុមទី ៦ នៃ BDMS Group Thailand និងជានាយកប្រតិបតិបត្តិមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានលើកឡើងថា ក្រុមហ៊ុន BDMS មានមោទកភាពក្នុងការនិយាយថា អស់រយៈពេលជិត២០ឆ្នាំមកហើយ ដែលក្រុមហ៊ុន BDMS Group Thailand បានបង្កើត និងដំណើរការមន្ទីរពេទ្យ អន្ដរជាតិរ៉ូយ៉ាល់អង្គរ នៅខេត្តសៀមរាប និងបន្ទាប់មកមន្ទីរពេទ្យ Royal Phnom Penh ដែលមន្ទីរពេទ្យបានទទួលការជឿទុកចិត្ត និងការគាំទ្រយ៉ាងសម្បើមពីប្រជាជនកម្ពុជា ជនបរទេស និងទេសចរណ៍ អ្នកធ្វើការជំនួយអន្តរជាតិ និងក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិ ដើម្បីស្វែងរកការព្យាបាលប្រកបដោយគុណភាពខ្ពស់ និងស្តង់ដារអន្តរជាតិនៅកម្ពុជា។

លោកវេជ្ជបណ្ឌិតបន្ដថា បច្ចុប្បន្ន មន្ទីរពេទ្យបានពង្រីកសមត្ថភាពបន្ថែមទៀត ដោយទទួលបានឧបករណ៍វេជ្ជសាស្ត្រកម្រិតខ្ពស់បន្ថែម ដែលមន្ទីរពេទ្យនឹងមាន 3 tesla MRI កម្រិតខ្ពស់ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នឹងមានអ្នកឯកទេសផ្នែកវះកាត់តូចបំផុត អ្នកឯកទេសបេះដូងថ្មី អ្នកឯកទេសត្រគាក និងជង្គង់ អ្នកឯកទេសខួរក្បាល និងឆ្អឹងខ្នង និងមានឯកទេសជាច្រើនសម្រាប់តម្រូវការរបស់អ្នកជំងឺ។

លោក ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ថា ក្រសួងកសាងភាពជាដៃគូរឹងម៉ាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធ្វើឲ្យសុខភាពប្រជាជនកាន់តែល្អប្រសើរ។ លោកឲ្យដឹងថា ភាពជាដៃគូនេះបានបង្ហាញពីសក្ខីភាពក្នុងការយកចិត្ដទុកដាក់របស់ រាជរដ្ឋាភិបាលក្នុងការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជនប្រកបដោយភាពជឿជាក់ និងស្មោះត្រង់ ដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។

រដ្ឋលេខាធិការអះអាងថា រាជរដ្ឋាភិបាលអាណត្ដិទី៧ បានយកចិត្តទុកដាក់ដោយផ្ដល់អាទិភាពលើការលើកកម្ពស់សេវាសុខាភិបាល ដែលក្នុងនោះការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនត្រូវបានរំលេចយ៉ាងច្បាស់ក្នុងយុទ្ធសាស្រ្ដបញ្ចកោណ ដែលជាគោលដៅយុទ្ធសាស្រ្ដក្នុងការកាត់បន្ថយអត្រាឈឺ ការបន្ដការលើកកម្ពស់សុខភាពបន្ដពូជ សុខភាពកុមារ ទារក មាតាការពង្រឹងសមត្ថភាពស្ថាប័នក្នុងការដឹកនាំបដិវត្ដន៍កម្ម និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល ការបង្កើនគុណភាពលើរោគវិនិច្ឆ័យការព្យាបាល និងការថែទាំ ការបន្ដពង្រឹងគុណភាពបណ្ដុះបណ្ដាលវិជ្ជាជីវៈសុខាភិបាល ការលើកកម្ពស់សមត្ថភាពជំនាញ និងកិច្ចសហការរវាងក្រសួង ស្ថាប័ន ដៃគូពាក់ព័ន្ធ។

លោកអះអាងទៀតថា ក្នុងអាណត្ដិទី៧នេះ ក្រសួងសុខាភិបាលបានដាក់ចេញយុទ្ធសាស្រ្ដគន្លឹះសំខាន់ៗ ដូចជាការពង្រីកកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់ឧបករណ៍ សម្ភារ បរិក្ខារវិជ្ជសាស្រ្ដ ការផ្គត់ផ្គង់ឱសថឲ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ការពង្រឹងគុណភាពសេវាថែទាំសុខភាព និងមន្ទីរពេទ្យបង្អែកដោយផ្ដោតលើការពង្រឹងលើផ្នែកវិពោធនកម្ម ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកមន្ទីរពិសោធន៍ និងផ្នែកវិជ្ជសាស្រ្ដ ព្រមទាំងពង្រឹងសមត្ថភាពមន្រ្ដីសុខាភិបាលនៅគ្រប់កម្រិត ជាពិសេសកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន។

រដ្ឋលេខាធិការក៏បានកោតសរសើរចំពោះមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលបានរួមចំណែកជួយការងារសង្គមជាច្រើន ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកាចសាហាវ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ ការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ ការអប់រំសុខភាព ជាពិសេសស្រ្ដីដែលមានគ៌ភនៅត្រីមាសទី១ និងទី២ និងការចូលរួមចំណែកប្រកបដោយបទពិសោធន៍របស់វេជ្ជបណ្ឌិតប្រចាំនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ បន្ថែមពីនេះទៀត មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក៏បានចូលរួមក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២កន្លងទៅដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យដ៏ឧត្ដង្គឧត្ដម។

ជាមួយគ្នានេះដែរ រដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជៅដល់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់លំដាប់ថ្នាក់នៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដែលបានចូលរួមវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជាដែលបានគោរព និងអនុវត្ដន៍យ៉ាងម៉ឺងម៉ាត់នូវច្បាប់ និងគោលនយោបាយអាទិភាពនានាលើកំណែទម្រង់របស់រាជរដ្ឋាភិបាលប្រកបដោយស្មារតី ក្រមសីលធម៌ វិជ្ជាជីវៈ មនសិការវិជ្ជាជីវៈក្នុងការចូលរួមចំណែកក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាជនប្រកបដោយគុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព។

លោកស៊ិក ប៊ុណ្ណា ក៏បានជំរុញ និងលើកទឹកចឹត្ដដល់មន្ទីរពេទ្យក៏ដូចជាផ្នែកពាក់ព័ន្ធទាំងអស់ ប្រកាន់យកស្មារតីភាពជាដៃគូល្អជាមួយរាជរដ្ឋាភិបាលបន្ដទៀត ដើម្បីរួមចំណែកដល់សង្គមសេដ្ឋកិច្ចកម្ពុជា ៕

To Top