ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ He Weidong អនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឍឹមបក្សចិន បានថ្លែងបញ្ជាក់ថា ចិន គាំទ្រការកាន់អំណាចយូរអង្វែង របស់គណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលថ្មី ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។
ការបញ្ជាក់របស់នាយឧត្ដមសេនីយ៍ He Weidong ធ្វើឡើងក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃ៤ ធ្នូ នៅវិមាន៧មករា ។
ក្នុងជំនួបនោះអនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឍឹមបក្សចិន បញ្ជាក់ថា សម្ដេចតេជោគឺជាថ្នាក់ដឹកនាំដ៏ល្អឯករបស់កម្ពុជា ដែលបានដឹកនាំប្រទេសរយៈពេលកន្លងមក មានការរីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងលើកកម្ពស់ជីវភាពប្រជាជនប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោកបន្ថែមថា កម្ពុជាគឺជាមិត្តដែកថែបរបស់ចិន ហើយកម្ពុជា-ចិន តែងតែគាំទ្រគ្នាទៅវិញទៅមក ទាំងនៅក្នុងតំបន់ និងអន្តរជាតិ ហើយក្នុងរយៈពេល ៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងចិន-កម្ពុជា ខណៈកន្លងមកនេះប្រទេសទាំងពីរ បានជម្រុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់។
លោក He Weidong សង្កត់ធ្ងន់ថា «ប្រទេសចិនគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា គាំទ្ររាជរដ្ឋាភិបាលថ្មី ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចអធិបតី ជានាយករដ្ឋមន្ត្រី នឹងធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានការរីកចម្រើនលើគ្រប់វិស័យ និងទទួលបានការគាំទ្រយ៉ាងធំធេងពីប្រជាជនកម្ពុជាទូទាំងប្រទេស» ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា តែងប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ គាំទ្រចិន នឹងតួនាទីរបស់ចិន នៅលើឆាកអន្តរជាតិ ដើម្បីជាផលប្រយោជន៍តំបន់ និងពិភពលោកទាំងមូល។ សម្ដេចតេជោបន្តថា ការរីកចម្រើនរបស់ចិន មិនត្រឹមតែជួយធ្វើឲ្យចិនខ្លួនឯងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការរីកចម្រើនរបស់តំបន់ និងបណ្ដាប្រទេសផ្សេងៗទៀតផងដែរ។
សម្ដេចតេជោថា កម្ពុជា-ចិន ត្រូវតែបន្តពង្រឹងនិងពង្រីកនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញច្រករបៀងឧស្សាហកម្ម បច្ចេកវិទ្យា និងច្រករបៀងអង្ករ និងមច្ឆា ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ទៅថ្ងៃអនាគត ដែលប្រកបដោយគុណភាពខ្ពស់ ស្តង់ដារខ្ពស់ និងកម្រិតខ្ពស់ ៕