ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីឡាវ និង សម្តេចប្រធានរដ្ឋសភាកម្ពុជា បានប្តេជ្ញាជំរុញទំនាក់ទំនងប្រជាជន និងពាណិជ្ជកម្ម រវាងប្រទេសទំាងពីរ ឲ្យកាន់តែរីកចម្រើន ឡើងថែមទៀត។
ការប្តេជ្ញានេះខណៈសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក SONEXAY SIPHANDONE នាយករដ្ឋមន្ត្រីឡាវជួបពិភាក្សាគ្នា នៅថ្ងៃ៤ ធ្នូ ក្នុងឱកាសប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញ ទស្សនកិច្ចជាផ្លូវការនៅឡាវ។

ក្នុងជំនួបភាគីទាំងពី បានប្តេជ្ញារួមគ្នា នឹងខិតខំផ្សារភ្ជាប់ទំនាក់ទំនង ប្រជាជន នៃប្រទេសទំាងពីរ ឲ្យបានកាន់តែទូលំទូលាយ មានលក្ខណៈកាន់តែងាយស្រួល ដើម្បីចូលរួមលើកកម្ពស់ ទំហំពាណិជ្ជកម្មកាន់តែមានកម្រិតខ្ពស់ឡើង។
ក្នុងជំនួនោះ សម្តេចមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា-ឡាវ បានពូនជ្រំ ដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់ ហើយថ្មីៗនេះ បានឈានដល់កម្រិត ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយគង់វង្សយូរអង្វែង។ សម្តេចបន្តថា ទំនាក់ទំនងដ៏ល្អ រវាងប្រទេសទំាងពីរ មិនត្រឹមបង្កើតបាននូវ សុខដុមរមនា រវាងប្រជាជាតិ មានភូមិផងរបងជាប់គ្នានេះទេ តែបាននាំមកនូវវិបុលភាព ស្ថិរភាពសង្គម និងការពង្រឹងគោលការណ៍ពហុនិយម ដល់តំបន់និង សកលលោក ថែមទៀតផង។

សម្តេចរដ្ឋសភាធិបតីលើកឡើងថា ទំហំពាណិជ្ជកម្មនៃប្រទេសទំាងពីរមានការរីកចម្រើនគួរឲ្យកត់សម្គាល់គឺពី១៦០លានដុល្លារ កាលពីឆ្នាំ២០២២ ឈានដល់២០៦លានដុល្លារ នៅត្រឹមរយៈពេល៦ខែ ក្នុងឆ្នាំ២០២៣នេះ។
ចំណែក លោក SONEXAY SIPHANDONE បានលើកឡើងថា ថ្នាក់ដឹកនាំប្រទេសទំាងពីរ បានប្តេជ្ញាចិត្តរួមគ្នានៅក្នុង ការបន្ត និងលើកកម្ពស់ពង្រឹងពង្រីកចំណងមិត្តភាព ជាប្រពៃណីឲ្យកាន់តែសម្រេច បានលទ្ធផលច្រើនឡើង ថែមទៀត ដែលនឹងនាំមកនូវផល ប្រយោជន៍ដល់ប្រទេសទំាងពីរបន្ថែម។

លោកគូសបញ្ជាក់ថា ” ទោះបីប្រទេសឡាវបានកំពុងជួបបញ្ហាខ្លះៗ លើផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែរដ្ឋនិងបក្សឡាវ បានដាក់ចេញនូវកម្មវិធីមួយចំនួនក្នុងការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព។ ឆ្នាំ២០២៤ខាងមុខ ជាឆ្នាំទេសចរណ៍របស់ប្រទេសឡាវ សង្ឃឹមថា មានអ្នកទេសចរបរទេសជាច្រើននឹងចូលមកកម្សាន្តនៅឡាវ ចូលរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋ ឲ្យបានកាន់តែប្រសើរឡើង”៕
