ភ្នំពេញ ៖ ប្រធានរដ្ឋសភាស្តីទីកម្ពុជា លោកបណ្ឌិត ជាម យាបបានស្នើដល់មិត្តចិន ជាពិសេសអង្គការសង្គមស៊ីវិលនៅខេត្តក្វាងស៊ី ពិនិត្យលទ្ធភាព ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃសង្គមស៊ីវិលទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន និងនៅតាមតំបន់ជនបទនៅកម្ពុជា សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌនៃសហគមន៍ជោគវាសនាតែមួយ ។
ការស្នើសុំនេះ ខណៈលោកបណ្ឌិត ជាម យៀប អនុញ្ញាតឲ្យគណៈប្រតិភូគណៈកម្មាធិការកណ្តាលសភាប្រជាជនខេត្តក្វាងស៊ី ដឹកនាំដោយ លោកFANG Chunming អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃសភាប្រជាជនខេត្តក្វាងស៊ី ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃ៤ ធ្នូ ។
ក្នុងជំនួប ប្រធានស្តីទីរដ្ឋសភាបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ ដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈទៅវិញទៅមកនៃសភាប្រជាជនចិន ក៏ដូចជាសភាប្រជាជនខេត្តក្វាងស៊ី និងរដ្ឋសភាកម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀត អំពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដែលមហាមិត្តចិន ជាប្រទេសដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបរបស់កម្ពុជា។
លោកបន្តថា រដ្ឋសភាកម្ពុជា ក៏បានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាប្រជាជនចិនទូទាំងប្រទេស ក៏ដូចជាមួយសភាប្រជាជនខេត្តក្វាងស៊ីដោយផ្ទាល់ ដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងយ៉ាងរឹងមាំ ដោយថ្នាក់ដឹកនាំជំនាន់មុនៗឲ្យកាន់តែប្រសើរឡើង និងស្ថិតស្ថេរយូរអង្វែងតទៅទៀត។
ជាមួយគ្នានេះ លោកបណ្ឌិត ជាម យៀប ក៏ស្នើដល់ខេត្តក្វាងស៊ីជួយគាំទ្រកម្ពុជា ក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យមួយសម្រាប់គ្រប់គ្រងធនធានធម្មជាតិ ដើម្បីជំរុញច្រករបៀងមច្ឆា និងអង្ករ ពីព្រោះខេត្តក្វាងស៊ីជាខេត្តមួយដែលមានប្រព័ន្ធគ្រប់គ្រងទិន្នន័យយ៉ាងល្អសម្រាប់ពាណិជ្ជកម្ម និងភស្តុភាកម្មជាមួយអាស៊ីអាគ្នេយ៍។
ចំណែកលោក FANG Chunming បានលើកឡើងដែរថា កន្លងមកថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានជំរុញលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅឈានឡើងមួយកម្រិតពីមិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងយល់ចិត្តថ្លើមគ្នា ដោយរដ្ឋាភិបាលនៃប្រទេសកម្ពុជា-ចិន បានប្តេជ្ញាខិតខំរួមគ្នាក្នុងការជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ ។
លោក FANG Chunming ក៏បានមានប្រសាសន៍ពីកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម រវាងចិន-កម្ពុជា ដែលមានការរីកចម្រើនឡើងជាលំដាប់ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិស័យសុខាភិបាល ជាពិសេសរវាងកម្ពុជា ជាមួយខេត្តក្វាងស៊ី និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរដែលផ្ដោតលើវិស័យវប្បធម៌ និងការអប់រំជាដើម៕