ភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងរ៉ែ អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បានសម្រេចបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់អគ្គិសនី ក្នុងវិស័យទេសចរណ៍ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលភ្ជាប់ពីខ្សែបណ្តាញចែកចាយ ប្រភពពីបណ្តាញជាតិ រយៈពេល ៣ខែ បានចាប់ផ្តើមហើយ ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ។
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី៤ ធ្នូ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចុះតម្លៃនេះដើម្បីជម្រុញឲ្យអ្នកធ្វើអាជីវកម្ម ក្នុងវិស័យទេសចរណ៍នៅក្នុងរដូវចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ កាន់តែមានកំណើនថែមទៀត។
ក្រសួងរ៉ែ អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា នឹងបញ្ចុះថ្លៃអគ្គិសនី១៥% ចំពោះបរិមាណថាមពលដែលប្រើលើស ពីការប្រើមធ្យមក្នុងរយៈពេល ៦ ខែ កន្លងមក របស់អ្នកប្រើប្រាស់ អគ្គិសនីប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍ តាមគោលការណ៍ និងលក្ខខណ្ឌមួយចំនួន ។ លើកលែងតែ អតិថិជនពាណិជ្ជកម្ម អាជីវកម្ម មួយចំនួនដូចជា គ្រឹះស្ថានសិក្សា វិស័យសុខាភិបាល គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនដឹកជញ្ជូន អគាររដ្ឋបាល ជាដើម មិនទទួលបានការបញ្ចុះថ្លៃនេះទេ ។
ជាមួយគ្នានោះ អាជ្ញាធរអគ្គិសនីកម្ពុជា បានអំពាវនាវចំពោះអ្នកប្រើប្រាស់អគ្គិសនី ដែលយល់ថា ការប្រើប្រាស់ អគ្គិសនីរបស់ខ្លួន ស្របតាមលក្ខខណ្ឌ អាចដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់ ដែលឋិតក្នុងតំបន់ដែលខ្លួនកំពុងប្រើអគ្គិសនី ដើម្បីទទួលបានការបញ្ចុះថ្លៃនេះ ៕