ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំ និងដាក់ចេញវិធានការមួយចំនួនដូចជា ការផ្សព្វផ្សាយ អប់រំ អនុវត្តច្បាប់ក្នុងរយៈពេលកន្លងមក សម្រាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។
វិធានការបង្ក្រាបទៅលើអ្នកជួញដូរ និងមានវិធានការអប់រំ ដល់អ្នកប្រើប្រាស់មានដូចជា នៅតាមសាលារៀន និងសហគមន៍ ដូច្នេះមន្ទីរព័ត៌មាន មន្ទីរអប់រំ យុវជន និងកីឡា ត្រូវបន្តការខិតខំអប់រំ ផ្សព្វផ្សាយឲ្យទូលំទូលាយបន្ថែមទៀត ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានឃុំ សង្កាត់ ក្រុង ស្រុក នគរបាលប៉ុស្តិ៍រដ្ឋបាល ក៏ត្រូវរៀបចំវេទិកាសាធារណៈ និងវិធានការមួយចំនួនផ្សេងទៀតដែរ។
ក្នុងនោះអភិបាលខេត្តក៏បានរំលេចនូវវិធានការ២ធំៗផ្សេងទៀតដែរ ដូចជា ៖
ទី១.ការធ្វើរដ្ឋបាលចំហរនៅក្នុងមូលដ្ឋាន និងការទទួលបានព័ត៌មាន ពីនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីប្រមូលផ្តុំជនសង្ស័យនៅក្នុងតំបន់នោះ យកមកធ្វើតេស្តិ៍រកសារធាតុញឿន ។ សម្រាប់ខេត្តព្រះសីហនុ ជាវិធានការសាកល្បងមួយ ដូច្នេះគណៈបញ្ជាការឯកភាពក្រុង ស្រុក ធ្វើការត្រួតពិនិត្យបើរកឃើញអ្នកមានសារធាតុញៀន មន្ត្រីនគរបាលត្រូវធ្វើរបាយការណ៍ ជូនទៅព្រះរាជអាជ្ញា ដើម្បីចេញដីការឲ្យទៅបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនកែវផុស ស្រុកស្ទឹងហាវ ។ ដោយកន្លងមកបានរកឃើញអ្នកមានសារធាតុញៀនចំនួន ១១៥នាក់ ។
ទី២.មានការត្រួតពិនិត្យអ្នកបើកបរ ដោយធ្វើតេស្តិ៍រកសាធាតុញៀនលើអ្នកបើកបរ ប្រសិនរកឃើញអនុវត្តវិធានការដូចគ្នា ហើយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺសំដៅអប់រំ ការធ្វើរដ្ឋបាល និងការអនុវត្តច្បាប់ កាលពីមុនអនុវត្តសំដៅលើអ្នកជួញដូរ ។ ចំណែកអ្នកប្រើប្រាស់នៅដដែល តែពេលនេះត្រូវប្រមូលទាំងអ្នកញៀនយកទៅបន្សាប និងចាត់វិធានការចំពោះអ្នកជួញដូរ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ដូច្នេះត្រូវពង្រីកការស្រាវជ្រាវបន្ថែមថា តើពួកគាត់ទៅទិញ សារធាតុញៀនពីប្រភពណា ដើម្បីស្វែងរកប្រភពអ្នកជួញដូរ ។
ការដាក់ចេញនេះ ធ្វើឡើងនារសៀលថ្ងៃ៤ ធ្នូ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ៕