ព័ត៌មានជាតិ

និស្សិតសាលាបច្ចេកទេស អំពាវនាវឱ្យយុវនារី សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រោះឱកាសការងារសម្បូរបែប និងឆាប់មានការងារធ្វើ

ភ្នំពេញ ៖ កញ្ញា ផុន ផល្លា ជានិស្សិតឆ្នាំទី៤ផ្នែកអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស (NTTI) នៅថ្ងៃអង្គារទី៥ ខែធ្នូនេះ បានអំពាវនាវដល់សិស្ស ជាស្ត្រីឱ្យមកចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រោះជាជំនាញ ដែលកំពុងមានទីផ្សារ និងតម្រូវការខ្ពស់ ពីបណ្តាក្រុមហ៊ុនរោងចក្រ ដែលជាឱកាសពេញនិយម ។

និស្សិតជំនាញអគ្គិសនីរូបនេះ បានអំពាវនាវថា៖ “សូមលើកទឹកចិត្តដល់យុវនារីដោយកុំឱ្យគិតថា មនុស្សស្រីរៀនបច្ចេកទេសនេះមានការលំបាក ឬរៀនចប់ហើយអត់មានការងារធ្វើ ព្រោះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការបណ្តុះបណ្តាល ជំនាញបច្ចេកទេស ហើយបច្ចុប្បន្ននេះទីផ្សារការងារទាំងក្នុង និងក្រៅស្រុកក៏មានតម្រូវការជំនាញ បច្ចេកទេសខ្លាំងផងដែរ” ។

ទន្ទឹមនឹងនេះ និស្សិត តេង ពណ្ណរិទ្ធិ និស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) ក៏បានអំពាវនាវយុវជន និងយុវសិស្សវិទ្យាល័យឱ្យងាកមកសិក្សាជំនាញបច្ចេកទេសផងដែរ។ សម្រាប់និស្សិតរូបនេះ ជំនាញបច្ចេកទេសទីផ្សារកំពុងមានតម្រូវការខ្ពស់។

តេង ពណ្ណរិទ្ធិ
និស្សិតផ្នែកវិស្វកម្ម សំណង់ស៊ីវិល នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI)

សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ជាអាទិភាព គន្លឹះក្នុងការបណ្តុះបណ្តាល ជំនាញបច្ចេកទេស និង វិជ្ជាជីវៈដើម្បីប្រែក្លាយកម្ពុជា ពីប្រទេសអតិពលកម្ម ទៅជាប្រទេស ដែលប្រើប្រាស់កម្លាំង ពលកម្មជំនាញ ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ បានដាក់ចេញ នូវកម្មវិធីថ្នាក់ជាតិ ដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១លាន៥សែននាក់ ដោយរៀនជំនាញមិនបង់ប្រាក់ និងទទួលបានប្រាកឧបត្ថម្ភប្រចាំ ខែទៀតផង ៕

To Top