ព័ត៌មានជាតិ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្ដេជ្ញាបន្តជាដៃគូជិតស្និទ្ធ ជាមួយកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំ ទៅមុខទៀត

ភ្នំពេញ ៖ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រាប់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា ក្នុងនាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កញ្ញាប្ដេជ្ញាចិត្តក្នុងការបន្តជាដៃគូជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំទៅមុខទៀត។

កញ្ញាបណ្ឌិត ថ្លែងបែបនេះនាឱកាសដែល លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានអនុញ្ញាតជូនកញ្ញា និងក្រុមការងារចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងឱកាសនោះដែរ កញ្ញាបណ្ឌិត ក៏បានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី ស សុខា អំពីសមិទ្ធផលនានា ដែលអង្គការសម្រេចបាននៅកម្ពុជា ជាពិសេសជោគជ័យក្នុងការអនុវត្តគម្រោងផ្សេងៗនាពេលកន្លងមក។

ជាកិច្ចឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ បានដើរតួនាទីយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារព្រៃឈើ, អភិរក្សជីវៈចម្រុះ, ការសង្គ្រោះថែទាំសត្វព្រៃព្រមទាំងការជួយជ្រោមជ្រែងដល់សហគមន៍មូលដ្ឋាន។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានសម្ដែងការប្ដេជ្ញាចិត្តបន្តគាំទ្របេសកកម្មរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមទាំងផ្ដល់កិច្ចសហការសម្របសម្រួលបញ្ហានានា ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ៕

To Top