ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ អ្នកត្រៀមខ្លួនធ្វើបាតុកម្ម ប្រឆាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នៅជប៉ុន ជាសិទ្ធិរបស់បុគ្គលម្នាក់ៗ

ភ្នំពេញ៖ នៅពាក់កណ្តាលខែធ្នូនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំចំនួន២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយក៏មានក្រុមប្រឆាំងបានត្រៀមលក្ខណៈ ធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេចផងដែរ ប៉ុន្តែចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានឆ្លើយតបថានេះជា “ការសម្តែងមតិក្នុងក្របខ័ណ្ឌច្បាប់ គឺជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ ក្នុងសង្គមប្រជាធិបតេយ្យ” ។ នេះជាប្រសាសន៍របស់លោក ប៉ែន បូណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាព្រឹកថ្ងៃ៦ ធ្នូ ។

ផ្ទុយទៅនឹងការត្រៀមបាតុកម្មនេះ មុនពេលសម្តេច ហ៊ុន ម៉ាណែត ចេញដំណើរទៅជប៉ុន លោក ប៉ែន បូណា ក៏បានលើកយកពីអ្នកគាំទ្រ សម្តេចគ្រប់ទីកន្លែងផងដែរថា នៅគ្រប់ទិសទី ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសកាន់តែច្រើនឡើងៗគាំទ្ររាជរដ្ឋាភិបាល និងគាំទ្រសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន ។

លោកអ្នកនាំពាក្យបញ្ជាក់ថា ពលរដ្ឋខ្មែរនៅក្រៅប្រទេសបាន ងាកមកគាំទ្ររាជរដ្ឋាភិបាលដូចទឹកបាក់ទំនប់ ។ លោកក៏បានលើកជាឧទាហរណ៍ថា រាល់លើកពេលសម្តេចតេជោ ក៏ដូចសម្តេចធិបតី អញ្ជើញទៅក្រៅប្រទេស អ្នកមកទទួលស្វាគមន៍វត្តមានសម្តេចមាន ២ទៅ៣ពាន់នាក់ ខណៈអ្នកធ្វើបាតុកម្មប្រឆាំងមានតិចតួចបំផុត ដោយអាចនិយាយបានថា ពេលខ្លះរាប់មិនគ្រប់ ១០០នាក់ផង។

លោក ប៉ែន បូណា បានពន្យល់ថា នេះសបញ្ជាក់ថា ពលរដ្ឋខ្មែរយល់ច្បាស់ពីការដឹកនាំ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងអភិវឌ្ឍន៍ប្រទេស ឲ្យមានសុខសន្តិភាព ការអភិវឌ្ឍ និងមានសុភមង្គល ប្រកបដោយមោទកភាពស្របតាម បំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា នៅថ្ងៃ១៦ ធ្នូនេះ ពោលជិតបញ្ចប់ឆ្នាំ២០២៣ ដើម្បីស្វាគមន៍ឆ្នាំថ្មី២០២៤ សម្តេចធិបតីនឹងលេចវត្តមាននៅជប៉ុន ក្រោយចូលកាន់តំណែងជាង ១០០ថ្ងៃមកនេះ ដើម្បីចូលរួម​កិច្ចប្រជុំកំពូល​រំព្ញក​ខួប​អនុស្សាវ​រីយ៍​អាស៊ាន-ជប៉ុន ​ខួប​ទី​៥០​ឆ្នាំ ​នៃ​មិត្តភាព ​និង​កិច្ចសហប្រតិបត្តិការ ​អាស៊ាន-ជប៉ុន ​នៅ​តូក្យូ ​។ ក្នុងនោះក៏ឃើញមានប្រជាពលរដ្ឋខ្មែរដែលជានិស្សិត អ្នកធ្វើការនៅតាមបណ្តាក្រុមហ៊ុននានានៅជប៉ុន បានចេញសារជាវិដេអូបង្ហាញអារម្មណ៍ត្រេកអរ និងស្វាគមន៍ចំពោះវត្តមានរបស់សម្តេចធិបតី ប៉ុន្តែជាមួយគ្នាននេះ ក៏មានពលរដ្ឋខ្មែរដែលមាននិន្នាការប្រឆាំង បានត្រៀមលក្ខណៈធ្វើបាតុកម្ម ប្រឆាំងវត្តមានសម្តេចផងដែរ ។

នេះជាលើកទី៤ហើយ សម្រាប់សម្តេចធិបតី ក្នុងការធ្វើដំណើរទៅក្រៅប្រទេស ក្រោយចូលកាន់តំណែងជានាយករដ្ឋមន្រ្តី ដែលប្រទេសដំបូងសម្តេចទៅមុនគេ គឺមិត្តដែកថែបចិន(២ដង) បន្តមកឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងអារ៉ាប៊ី សាអូឌីត ខណៈមានបាតុកម្មប្រឆាំងសម្តេចម្តងគឺនៅអាមេរិក ៕

To Top