ព័ត៌មានជាតិ

ក្រសួងការងារ ដាក់ចេញការ ទូទាត់ភាគទាន របស់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមរយៈធនាគារ ដើម្បីផ្តល់ភាព កាន់តែងាយ ស្រួលជូនពលរដ្ឋ

" "

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវការ ទូទាត់ថវិកាភាគទាន សម្រាប់ជាបុគ្គលស្វ័យនិយោជន៍(អ្នកប្រកបរបរខ្លួនឯង) និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមរយៈធនាគារដៃគូរបស់ប.ស.ស. ដើម្បីបង្កភាពកាន់តែងាយស្រួល ចំណេញពេលវេលា និង ប្រសិទ្ធភាពកាន់តែខ្ពស់ ។

តាមរយៈការផ្សព្វផ្សាយ របស់បេឡាជាតិ សន្តិសុខសង្គម(ប.ស.ស.) បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អាចបង់ភាគទានមក ប.ស.ស. ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ នៃរៀងរាល់ខែ តាមរយៈធនាគារដៃគូ ប.ស.ស. ដែលរួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC.) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA BANK) និងធនាគារ កាណាឌីយ៉ា ក.អ (CANADIA BANK PLC.)។

" "

សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត”ដើម្បីធានាកិច្ចគាំពារសង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅការថែរក្សាសុខភាព ដោយចំណាយតិចជាងមុន។

" "

ដោយសារតែរបបថែទាំសុខភាពនេះ ជារបបថ្មីក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ប.ស.ស.នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានស្នើសុំឱ្យពលរដ្ឋ ឬអ្នកដែលចង់បានសេវាកម្ម អាចមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញ សង្គមរបស់យើង ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ ។

យ៉ាងណាក៏ដោយ ដើម្បីទទួលបានការថែទាំសុខភាពនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវបង់ភាគទានចំនួនត្រឹមតែ ១៥ ៦០០៛ ក្នុងម្នាក់ក្នុង១ខែដើម្បីទទួលបានការថែទាំសុខភាព របស់ខ្លួនដោយគ្មានកាលកំណត់៕

To Top