កំពង់ចាម ៖ ក្នុងវេទិកា ផ្សព្វផ្សាយពិគ្រោះយោបល់ ដោះស្រាយ សំណើរសំណូមពរ និងកង្វល់ របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកកងមាស ក្រុមប្រឹក្សា និងរដ្ឋបាលខេត្ត ទទួលបានសំណើរសំណូមពរ និងកង្វល់ចំនួនសរុប ចំនួន ៧ ក្នុងនោះ ដោះស្រាយភ្លាមៗបានចំនួន ៤ ករណី និងនៅសេសសល់ ត្រូវបានយកទៅពិភាក្សា ដោះស្រាយតាមនិតិវិធីរដ្ឋបាល ។

វេទិកានេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងបរិវេណវត្តស្វាយស្រណោះ ឃុំតារកាអា ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម ព្រមទាំងមានការចូលរួម ពីមន្រ្តី អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋ សរុបចំនួន ៥៨៩នាក់។

ស្ថិតក្នុងឱកាសនោះ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបន្តការអនុវត្ត អភិក្រម ឆ្លុះបញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ យុទ្ធសាស្ត្រ-ដំណាក់កាលទី១ កំណត់យកនូវអាទិភាព គន្លឹះចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។

លោក ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នាពេលនេះ ពិតជាបានផ្ដល់ឱកាស ដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវ របាយការណ៍បូកសរុបលទ្ធផលការងារដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបាន ក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប ៕
