ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្តល់អាហារូបករណ៍ជាង ៥០០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ

ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ប្រកាសផ្តល់អាហារូបករណ៍ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ៥៤០នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើមុខជំនាញសំខាន់ៗចំនួន ៨ ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ វិទ្យាស្ថានត្រូវការយុវជនមករៀនជំនាញដូចជា ការងារកំបោរ (សំណង់) ចំនួន៣០នាក់ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារចំនួន ៩០នាក់ ការផ្សារអគ្គិសនី (ផ្សារដែក) ចំនួន៦០នាក់ ការថែទាំ និងជួសជុលរថយន្តចំនួន ៦០ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានចំនួន ៥០នាក់ ការកែច្នៃបន្លែ និងផ្លែឈើចំនួន ៩០នាក់ ការដាំ ថែទាំ និងប្រមូលផលស្វាយចន្ទីចំនួន ៩០នាក់ សេវាកម្មកុំព្យូទ័រចំនួន ៦០នាក់ ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់វិទ្យាស្ថានដដែលបានឱ្យដឹងថា យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវមានអាយុចាប់ ១៥ឆ្នាំឡើងទៅ មានប័ណ្ណសមធម៌ ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ។ ព័ត៌មានលម្អិតសូមមកវីទ្យាស្ថាន ពហុបច្ចេកទេសខេត្តកំបង់ធំ ដែលមានទីតាំងនៅទល់មុខវិទ្យាល័យកំពង់ធំ ក្រោយបុរីកុមារកំព្រាខេត្តកំពង់ធំ ។

ដោយសារតែការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាល សម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រទាំងអស់ក្រៅពីទទួលបាន ការសិក្សាដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ រហូតបញ្ចប់វគ្គបណ្តុះបណ្តាល ៕

To Top