ព័ត៌មានជាតិ

ផែនទីបង្ហាញផ្លូវស្តីពី ការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥ របស់ក្រសួងការងារ ជាយុទ្ធសាស្ត្រគន្លឹះប្រែក្លាយ ពលរដ្ឋកម្ពុជាមានចំណូលខ្ពស់

ភ្នំពេញ៖ «ផែនទីបង្ហាញផ្លូវស្តីពី ការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» គឺជាផែនទីគូសវាសអភិវឌ្ឍជំនាញ នៅកម្ពុជាដែលមានចក្ខុវិស័យដើម្បីផលិត ឬប្រែក្លាយកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ជាធនធានជន្ទល់សម្រាប់ការ អភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ដែលប្រកបដោយសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត និងផ្តល់ឱកាសទទួល បានការសិក្សាពេញមួយជីវិត និងធានាថាប្រជាពលរដ្ឋម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត មានការងារធ្វើលក្អសមរម្យ មានសេចក្តីថ្លែថ្នូ និងមានកម្រិតជីវភាពកាន់តែប្រសើរឡើង។ នេះបើយោងតាមគោលនយោបាយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបាន ផ្សព្វផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន។

ទន្ទឹមនឹងនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានហៅផែនទីបង្ហាញផ្លូវស្តីពី ការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ ជាយុទ្ធសាស្រ្តមួយដ៏សំខាន់ ដើម្បីប្រែក្លាយកម្លាំងពលកម្ម ក្នុងប្រទេសពីអតិពលកម្មទៅជា កម្លាំងមានជំនាញជាក់លាក់តាមរយៈ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលគូសវាសយ៉ាងម៉ត់ចត់នេះ។

សម្រាប់លោកបណ្ឌិត ផែនទីនៃការអភិវឌ្ឍធនធានមនុស្សនេះ នឹងធ្វើឱ្យពលរដ្ឋមានជំនាញ មានចំណូលខ្ពស់ត្បិតថា ទីផ្សារការងារនឹងទាក់ទាញនូវការវិនិយោគ បែបបច្ចេកវិទ្យាដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន ដែលជាកត្តាធ្វើឱ្យជីវភាពរបស់ ប្រជាពលរដ្ឋកាន់តែប្រឡើង។

សូមបញ្ជាក់ថា តាមរយៈគោលនយោបាយ ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានដាក់ចេញនូវសរសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ដើម្បីសម្រេចមហិ្ចតានេះ។ ទី១ ការពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ទី២ ការលើកកម្ពស់កិត្តិនាម និងការផ្សព្វផ្សាយ ទី៣ ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម ទី៤ អភិបាលកិច្ច និងភាពជាអ្នកដឹកនាំ និងទី៥ចុងក្រោយ ការផ្តល់ហិរញ្ញប្បទាន និងចីរភាព។

តាមរយៈសរសរស្តមទាំងនេះ ក្រសួងរំពឹងថា នឹងមានលទ្ធភាពបំពេញសក្តានុពល នៃការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគតដើម្បីរួមចំណែករក្សា និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឃប្រកបដោយចីរភាព។

យ៉ាងណាក៏ដោយ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃ រាជបណ្ឌិតសភាកម្ពុជា បានអះអាងថា ដើម្បីឱ្យគោលនយោបាយនេះ ជោគជ័យទៅបានរដ្ឋាភិបាលតែម្នាក់ឯង មិនអាចអនុវត្តជោគជ័យបានឡើយ ដោយទាមទារឱ្យមានការចូលរួមពីវិស័យឯកជន និងពលរដ្ឋ ៕

To Top