ព័ត៌មានជាតិ

កម្ពុជា ប្តេជ្ញាលើកកម្ពស់ បរិយាកាសសន្តិភាព-សុវត្ថិភាព ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម

រូបភាព៖ ក្រសួងការបរទេសខ្មែរ

ភ្នំពេញ៖ លោកបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់នូវបរិយាកាសសន្តិភាព និងសុវត្ថិភាព នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ។

ការបញ្ជាក់របស់លោកបណ្ឌិត ឃី សុវណ្ណរតនា ធ្វើឡើងក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ និងវៀតណាម លើកទី១ ចាប់ពីថ្ងៃទី៤-៧ ធ្នូ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។

ក្នុងឱកាសនេះ លោកបណ្ឌិត បានថ្លែងបទអន្តរាគមន៍នៅក្នុង “កិច្ចប្រជុំគណៈកម្មាធិការស្តីពី កិច្ចការនយោបាយ និងបរទេស” ដោយបានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃលទ្ធផលកិច្ចសហប្រតិបត្តិការក្នុងចំណោមកម្ពុជា ឡាវ និងវៀតណាម (CLV) ដែលរួមមាន ការទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ ពាណិជ្ជកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ កសិកម្ម និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រីលេខាធិការ បានលើកទឹកចិត្តដល់ប្រទេសសមាជិកទាំងអស់ បន្តជំរុញយ៉ាងសកម្ម និងលើកកម្ពស់ចំណងសាមគ្គីភាពរវាងប្រជាជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសចំណងមិត្តភាព ជាប្រពៃណីរវាងប្រទេសទាំងបី ៕

To Top