បរទេស៖ នៅក្នុងការសាកល្បងដ៏សំខាន់មួយទៀត យន្តហោះដ៏ធំបំផុតរបស់ពិភពលោកបានធ្វើការសាកល្បង “ហោះហើរ” លើកដំបូងរបស់ខ្លួនជាមួយនឹងយានដែលមានល្បឿនលឿនជាងសំឡេង ដែលក្រុមហ៊ុនបានហៅថា ជាជំហាន “សំខាន់” ឆ្ពោះទៅរកការហោះហើរទោលដំបូងរបស់យន្តហោះដែលមានសមត្ថភាព Mach 5 ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមហ៊ុនអវកាស ស្រ្តាថូឡូញ ដែលមានមូលដ្ឋាននៅទីក្រុង ស៊ីអាថល សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអាទិត្យថា យន្តហោះដឹកជញ្ជូន Roc របស់ខ្លួនបានហោះហើរដោយជោគជ័យជាមួយនឹងយានមួយទៀតគឺ Talon-A ដែលមានល្បឿនលឿនជាងសំឡេងដែលភ្ជាប់នៅក្រោមតួកណ្តាលដ៏ធំរបស់យន្តហោះ Roc ជាលើកដំបូង។
នាយកប្រតិបត្តិក្រុមហ៊ុន ស្ត្រាថូឡូញ គឺលោក ហ្សាឆារី ក្រេវូ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ប្រព័ន្ធជំរុញរបស់យាន Talon-A គាំទ្រម៉ាស៊ីនរ៉ុក្កែតសីតុណ្ហភាពទាប ផ្តល់ឧស្ម័នក្តៅ និងសម្ពាធខ្ពស់ ផ្តល់នូវកម្លាំងរុញច្រានដែលត្រូវការសម្រាប់យាន Talon-A ដើម្បីឈានដល់ល្បឿនលើសសំឡេង។ ខណៈពេលដែលយើងបានធ្វើតេស្តលើដីដោយជោគជ័យជាច្រើនក្នុងការបញ្ឆេះ និងបញ្ឆេះប្រព័ន្ធនេះ យើងត្រូវវាយតម្លៃពីរបៀបដែលប្រព័ន្ធដំណើរការនៅក្នុងបរិយាកាសហោះហើរមុនពេលចេញផ្សាយ” ។
លោក ហ្សាឆារី ក្រេវូ បន្តថា “លទ្ធផលដំបូងពីការហោះហើរថ្ងៃនេះបង្ហាញថា ប្រព័ន្ធបានដំណើរការដូចការព្យាករណ៍ ហើយយើងនឹងកំណត់ជំហានបន្ទាប់របស់យើងដោយរង់ចាំការពិនិត្យទិន្នន័យពេញលេញនៃការធ្វើតេស្តនេះ។”
ការហោះហើរសាកល្បងនេះមានរយៈពេល ៣ ម៉ោង ២២ នាទី ក្នុងអំឡុងពេលដែលម៉ាស៊ីនរ៉ុក្កែត Talon-A បាន “អនុវត្តដូចការព្យាករណ៍” ទោះបីជានៅតែភ្ជាប់ទៅនឹងយន្តហោះធំ Roc ក៏ដោយ។ វាគឺជាការសាកល្បងលើកទី១២ របស់ក្រុមហ៊ុន ស្រ្តាថូឡូញ នៃយន្តហោះទាំងពីរ ដោយចុងក្រោយបំផុតគឺការធ្វើតេស្តទម្លាក់នៅក្នុងខែឧសភា។
The Roc គឺជាយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតរបស់ពិភពលោក និងជាម៉ាស៊ីនហោះហើរដ៏ធំបំផុតមួយប្រភេទដែលមិនធ្លាប់មាន ហើយវាមានស្លាបប្រវែង ៣៨៥ ហ្វីតដ៏ធំសម្បើម។ វាមានស្លាបដ៏ធំបំផុតជាងយន្តហោះផ្សេងទៀតក្នុងប្រវត្តិសាស្ត្រ ដែលមានប្រវែងវែងជាងរ៉ុក្កែត Saturn V ដល់ទៅ ២០ហ្វីត ប៉ុន្តែវានៅតែមានប្រវែងត្រឹមតែពាក់កណ្តាលនៃប្រវែងនៃយន្តហោះធុនស្រាលទម្រង់ជាបាឡុងហោះដ៏ធំដែលប្រើសម្រាប់ការដឹកជញ្ជូននៅចុងសតវត្សទី១៩ និង ដើមសតវត្សទី ២០ ដូចជា Hindenburg ។ ប្រែសម្រួលៈ ណៃ តុលា