ភ្នំពេញ៖ លោក សំ សុគង់ ប្រធានក្រុមមេធាវីគណបក្សភ្លើងទៀន និងជាសមាជិកអចិន្ដ្រៃយ៍របស់គណបក្សភ្លើងទៀន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានដាក់លិខិតជាផ្លូវការ គោរពស្នើសុំទៅកាន់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ជាការឆ្លើយតបភ្លាមៗ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកមេធាវី សំ សុគង់ ។
តាមរយៈឆេណែលតេលេក្រាមនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំស្វាគមន៍ យ៉ាងកក់ក្តៅចំពោះលោកមេធាវី សំ សុគង់ ដែលបានស្នើសុំមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ សូមជូនពរលោកមេធាវីសំ សុគង់សូមជួបតែ សេចក្តីសុខសេចក្តីចម្រើន»។
តាមរយៈ ពាក្យសុំចូលជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា លោក សំ សុគង់ បានលើកឡើងថាការសម្រេចចិត្តនេះក៏ដោយសារមើលឃើញពីគោលនយោបាយ និងផែនការយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទសូមចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ»។
ជាមួយគ្នានេះ លោក សំ សុគង់ ក៏បានធ្វើការថ្កោលទោសទៅកាន់ថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលតែងតែប្រើប្រាស់នូវពាក្យសម្ដីញុះញង់ ធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិ និងសូមអំពាវនាវដល់អ្នកដែលគាំទ្រគណបក្សប្រឆាំងទាំងអស់ សូមមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីកសាងប្រទេសជាតិទៅថ្ងៃអនាគត៕