ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើង អំពីគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធមួយ ចំនួននៅកម្ពុជា បានផ្ដល់ឱកាសឱ្យវិនិយោគិនពីបណ្ដាប្រទេសផ្សេងៗ នៅទូទាំងពិភពលោក អាចចូលមកវិនិយោគនៅកម្ពុជាបាន ។
លោកឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ បានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតឱ្យលោក Igor Driesmans ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
អង្គជំនួបនាឱកាសនេះ បានផ្ដោតការពិភាក្សាលើកិច្ច សហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងកម្ពុជាលើវិស័យនានា តាមរយៈការបើកចំហរទីផ្សារសេរី របស់កម្ពុជាលើគ្រប់វិស័យ ។
ក្នុងនោះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានរំលេចឡើងអំពីកិច្ចសហប្រតិបត្តិការ វិនិយោគដោយផ្ទាល់ពីសហភាពអឺរ៉ុប មកកាន់កម្ពុជា នាពេលកន្លងមក និងបានកោតសរសើរដល់កម្ពុជា ដែលបន្តកិច្ចការងារទាក់ទាញ វិនិយោគិនឥតឈប់ឈរ ។
ស្របជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន លោកឯកអគ្គរដ្ឋទូត អំពីគម្រោងដែល លោក គ្រោងនឹងចុះបំពេញ ទស្សនកិច្ចទាក់ទាញវិនិយោគិន ពីតំបន់អឺរ៉ុប ក្នុងឆ្នាំ២០២៤ខាងមុខនេះ ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបន្តជម្រាបជូនផងដែរ អំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលរាជរដ្ឋាភិបាល បានផ្ដោតការយកចិត្តទុកដាក់ ដើម្បីតភ្ជាប់កម្ពុជា ទៅក្នុងតំបន់ ដោយគម្រោងទាំងនោះ ក៏បានផ្ដល់ឱកាសឱ្យវិនិយោគិន ពីបណ្ដាប្រទេសផ្សេងៗ នៅទូទាំងពិភពលោក អាចចូលមក វិនិយោគនៅកម្ពុជា បាន មានដូចជាគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គម្រោងលើក កម្រិតផ្លូវ រថភ្លើងភ្នំពេញ-ប៉ោយប៉ែត គម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត គម្រោងអភិវឌ្ឍន៍ កំពង់ផែក្រុងព្រះសីហនុ គម្រោងរៀបចំមជ្ឈមណ្ឌល ភស្ដុភារកម្មក្រុងព្រះសីហនុ គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងអភិវឌ្ឍន៍ ផ្លូវរថភ្លើងធុនស្រាល ក្នុងទីក្រុងជាដើម៕