ព័ត៌មានជាតិ

ក្រសួងការងារ បណ្តុះបណ្តាល គ្រូបង្គោលជំនាញ ជណ្តើរយន្ត ដើម្បីផ្គត់ផ្គង់ទីផ្សារ ដែលកំពុងមាន តម្រូវការខ្ពស់

ភ្នំពេញ ៖ វិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្មនៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបិទវគ្គបណ្តុះបណ្តាល គ្រូបង្គោលជំនាញជួសជុល និងថែទាំជណ្តើរយន្ត ជាជំនាញថ្មីមួយ ដែលទីផ្សារការងារ កំពុងមានតម្រូវការខ្ពស់ ។

កម្មវិធីបិទវគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើង នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកឧស្សាហកម្ម ដែលជាវគ្គបណ្តុះបណ្តាល ក្រោមកិច្ចសហការ រវាងវិទ្យាស្ថាន ជាមួយនឹងក្រុមហ៊ុន ជីហ្គៀគ្រុប និងអង្គការ UNIDO ។

គិតមកដល់ពេលនេះ វិទ្យាស្ថានបានបណ្តុះបណ្តាល គ្រូបង្គោលជំនាន់ទី១ ចំនួន ១៩នាក់ និងបើកវគ្គបណ្តុះបណ្តាល ជំនាន់ទី២ ចំនួន ១២នាក់បន្តទៀត ដើម្បីត្រៀមធ្វើការបណ្តុះបណ្តាល ជំនាញដ៏សំខាន់មួយនេះដល់យុវជនគោលដៅឱ្យចូលបម្រើការងារក្នុងទីផ្សារការងារ ដែលកំពុងមានសក្តានុពល នាពេលបច្ចុប្បន្ន និងនាពេលអនាគត ។ 

យោងតាមវិទ្យាស្ថានបច្ចេកទេស ឧស្សាហកម្មបានឱ្យដឹងថា ការបណ្តុះបណ្តាលនេះ គឺដើម្បីបំពេញតម្រូវការទីផ្សារ នាពេលបច្ចុប្បន្ន ដែលកំពុងមាន សក្តានុពលខ្ពស់ ហើយក៏ស្របទៅតាមចក្ខុវិស័យ និងការចង់បាន របស់ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈក្នុងការបង្កើត ជំនាញថ្មីឱ្យស្របទៅ តាមសម័យកាល ។

សូមបញ្ជាក់ជំនាញថ្មីនេះ នឹងក្លាយជាជំនាញដ៏សំខាន់បន្ថែមទៀត សម្រាប់វិទ្យាស្ថាន បច្ចេកទេស ឧស្សាហកម្ម ក្នុងការបណ្តុះបណ្តាលជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ រងហានិភ័យក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានប្រកាសដាក់ឱ្យ ដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៣ ៕

To Top