ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ដឹកនាំ​កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងជំរុញការ អនុវត្តគម្រោង ផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”

" "

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីប្រជុំពិភាក្សាជំរុញ ការអនុវត្តគម្រោងនេះ។

សូមជម្រាបជូនថា គម្រោងផ្លូវនាវាចរណ៍នេះបានទទួលការអនុម័តគាំទ្រ ពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានប្រសិទ្ធនាមថាគម្រោង “ព្រែកជីកហ្វូណនតេជោ”។

" "

ជាមួយគ្នានេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តការយកចិត្តទុកដាក់ ដោយផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ដើម្បីពន្លឿនដំណើរការអនុវត្តគម្រោងនេះផងដែរ។

" "

ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចមហាបវរធិបតីបានមានប្រសាសន៍ចាត់ទុកគម្រោង “ព្រែកជីកហ្វូណនតេជោ” ថាជាគម្រោងដែលទាញសមុទ្រឱ្យជាប់ទន្លេ ដែលបន្ទាប់ពីគម្រោងលេចចេញជារូបរាងឡើងរួចរាល់ នឹងជួយបង្កើនលទ្ធភាពក្នុងការដឹកជញ្ជូន ពីខេត្តដែលជាប់ដងទន្លេសាប ជាប់ដងទន្លេមេគង្គ ចុះទៅសមុទ្របានកាន់តែលឿន ហើយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេនឹងកាន់តែរីកចម្រើន។

សូមរំលឹកថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្ម ទន្លេបាសាក់ «ព្រែកជីកហ្វូណនតេជោ» ត្រូវបានបញ្ចប់ការ សិក្សាសមិទ្ធិលទ្ធផល រួចរាល់ដោយបានប្រើប្រាស់ រយៈពេលសរុប២៦ខែគ្រោងចំណាយទុនវិនិយោគ ១ ៧០០លានដុល្លារអាមេរិក។ តាមសិក្សាបង្ហាញថា ផ្លូវទឹកនេះ មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ដៃសមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងកែប៕

To Top