ព័ត៌មានជាតិ

ក្រសួងសុខាភិបាល អំពាវនាវពលរដ្ឋ ឱ្យប្រុងប្រយ័ត្ន ការចម្លងជំងឺផ្តាសាយ​ និងកូវីដ១៩ នារដូវធ្លាក់ខ្យល់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីបង្ការនូវការចម្លង ជំងឺផ្តាសាយ នារដូវធ្លាក់ខ្យល់ និងការពារការឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ។

តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្រសួង បានអំពាវនាវក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា នាពេលបច្ចុប្បន្ននេះ វីរុសកូវីដ-១៩ មិនទាន់បាត់អស់ ពីប្រទេសកម្ពុជានៅឡើយ ។ យើងកំពុងរស់នៅតាមគន្លងប្រក្រតី ភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយសារយើងបាន ចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដែលធ្វើឱ្យមាននូវភាពស៊ាំ សហគមន៍នៅទូទាំងប្រទេសកម្ពុជា។

ក្រសួង បន្ដថា ក្នុងពេលថ្មីៗនេះ នៅបណ្តាប្រទេសមួយ ចំនួននៅតំបន់អាស៊ាន ក៏មានការកើនឡើងដោយកន្លែង នូវការចម្លងជំងឺកូវីដ-១៩ ឡើងវិញ ។ ជាមួយគ្នានេះ ប្រព័ន្ធតាមដានជំងឺឆ្លងរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺ ឆ្លងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ពីការរកឃើញ ករណីជំងឺកូវីដ-១៩ ជារឿយៗ នៅក្នុងចំណោមអ្នកជំងឺ ដែលមកទទួលសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យ ដូចបានផ្សាយជូនក្នុង ប្រព័ន្ធរាយការណ៍ផ្លូវការ របស់ក្រសួងសុខាភិបាល។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា «សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីបង្ការនូវការចម្លងជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាយថាហេតុ ដោយត្រូវអនុវត្តនូវវិធានការបង្ការនានា»។

ក្រសួង បន្ថែមថា ការអនុវត្តនូវវិធានការ បង្ការនានា មានដូចជា ៖ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការការចម្លង គឺពាក់ម៉ាសក្នុងករណីមានបញ្ហាសុខភាពផ្លូវដង្ហើម និងលាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬដែលលាង់ដៃ។ ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អកកណ្ដាស់ ដោយប្រើផ្នត់កែងដៃ ម៉ាស់ ក្រម៉ា កន្សែង ឬក្រដាស អនាម័យ រួចខ្ចប់បោះចោលក្នុងធុងសំរាមបិទជិត។ ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ពិបាកដកដង្ហើម សូមទៅស្វែងរក ការពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលា។

ជាងនេះទៅទៀត ប្រជាពលរដ្ឋបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួន ឱ្យបានសមស្រប ដើម្បីបង្កាការឆ្លងជំងឺកូវីដ-១៩៕

To Top