ព័ត៌មានជាតិ

ករណីសាច់បង្កកជិត ៤០០តោន! តើនរណាជាជនរងគ្រោះ ខណៈស្ថាប័នរដ្ឋពីរ អះអាងផ្ទុយគ្នា

ភ្នំពេញ៖ ហាក់មានភាពស្រពិចស្រពិល ក្នុងករណីរកឃើញសាច់បង្កកជិត ៤០០តោន នៅរាជធានីភ្នំពេញ ដោយមានស្ថាប័នរដ្ឋចំនួនពីរ បានចេញមុខបកស្រាយខុសៗគ្នា ក្នុង​នីតិវិធី​ច្បាប់​ ដែល​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ ព្រួយបារម្ភយ៉ាងខ្លាំង​ពី​សុវត្ថិភាព​ចំណីអាហារ​។

សូមរំលឹកថា កាលពីថ្ងៃទី៤ ធ្នូ​ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងស្ដុកសាច់បង្កកមួយកន្លែង នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមការចុះផ្សាយរបស់ «ព័ត៌មានក្រសួងមហាផ្ទៃ MOI TV News» បានឱ្យដឹងថា ជាលទ្ធផលសមត្ថកិច្ចចម្រុះ បានរកឃើញសាច់បង្កក អត់ច្បាប់ជិត៤០០តោន។

ប្រភពដដែលបានចុះផ្សាយ ដោយដកស្រង់សំដី លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល ដោយបានអះអាងថា សាច់បង្កកទាំងនេះ ត្រូវបាននាំចូលពីបរទេស មកស្ដុកទុកនៅក្នុងឃ្លាំង ដោយពុំទាន់មានឯកសារ បញ្ជាក់ច្បាស់លាស់ឡើយ។

ដោយឡែក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានចេញមុខអះអាងថា សាច់បង្កកចម្រុះ ដែលមានប្រភពមកពីប្រទេសអ៊ីតាលី, ប្រេស៊ីល, អាឡឺម៉ង់, រុស្សី, ឥណ្ឌា ជាដើម ដែលមានទម្ងន់សរុបប្រមាណ ៣៧០តោន ត្រូវបាននាំចូល ដោយបំពេញកាតព្វកិច្ចពន្ធនិងអាករ ត្រឹមត្រូវតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន និងមានភ្ជាប់មកជាមួយ នូវវិញ្ញាបនបត្របញ្ជាក់ អនាម័យសាច់ពីប្រទេសនាំចេញ ហើយនៅមានសុពលភាពប្រើប្រាស់ ពោលគឺពុំទាន់ហួស កាលបរិច្ឆេទប្រើប្រាស់ ដូចបានលើកឡើង ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដោយបុគ្គលមួយចំនួនឡើយ៕

To Top