ព័ត៌មានជាតិ

សម្ដេចធិបតី៖ រវាងប្រាសាទអង្គរ និងពលរដ្ឋ គឺយកទាំងពីរ

រូបភាព៖ ម៉ៅ ដារ៉ាត

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបទៅក្រុមអង្គការអន្តរជាតិ និងមតិប្រឆាំងដែលនាំគ្នា វាយប្រហារមកលើរាជរដ្ឋាភិបាល រឿងប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែងថា រវាងប្រាសាទអង្គរ និងប្រជាពលរដ្ឋនៅក្បែរប្រាសាទអង្គរ គឺយកទាំងពីរ ព្រោះកេរដំណែដូនតា និងប្រជាពលរដ្ឋ ត្រូវតែជាអាទិភាពធំដាច់ខាត សម្រាប់រាជរដ្ឋាភិបាល ។

នាឱកាសអញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក នាព្រឹកថ្ងៃ៨ ធ្នូ សម្ដេចធិបតីមានប្រសាសន៍រំលឹកថា នាពេលកន្លងមក មានក្រុមអ្នកវិនិយោគពោលពាក្យ ដោយសម្តែងការសោកស្តាយពីដី នៅតំបន់រមណីដ្ឋានអង្គរមានការឡើងថ្លៃ ក្រោយចង់សាងសងអគារខ្ពស់ៗ មិនបាន ប៉ុន្តែសម្ដេចថា ក៏មានកន្លែងច្រើនផ្សេងទៀត សម្រាប់អភិវឌ្ឍន៍ដោយមិនហាមឃាត់ឡើយ ។

សម្ដេចមានប្រសាសន៍ថា «អីចឹងបានគេសួរថា រវាងប្រាសាទ ហើយនឹងប្រជាជន តើរដ្ឋាភិបាលយកមួយណា? ចម្លើយស្រួលតែវាលំបាក ចម្លើយស្រួលត្រង់ថា យើងរើសទាំងពីរ។ ទាំងកេរដំណែដូនតា និងប្រជាពលរដ្ឋយើង ត្រូវតែជាអាទិភាពធំដាច់ខាត សម្រាប់រាជរដ្ឋាភិបាល»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចបន្ដថា តំបន់រមណីយដ្ឋានមួយចំនួន ដែលបានដាក់ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ត្រូវបានដកចេញវិញ ដោយសារតែមិនគោរពតាមលក្ខខណ្ឌ របស់អង្គការយូណេស្កូ ក្នុងនោះមានដូចជាករណីប្រទេសអង់គ្លេស និងប្រទេសមួយចំនួនផ្សេងទៀតជាដើម។

សម្ដេចសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល មិនអាចជ្រើសរើសជម្រើសណាមួយ ហើយបោះចោលជម្រើសណាមួយឡើយ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល បានគិតទាំងការអភិវឌ្ឍ និងទាំងការអភិរក្ស ដែលត្រូវដើរទន្ទឹមគ្នាជានិច្ច ៕

To Top