ព័ត៌មានជាតិ

សម្តេចធិបតី ផ្តល់ក្របខណ្ឌឲ្យលោកគ្រូ អ្នកគ្រូ ជាប់កិច្ចសន្យា នៅសាលាបឋមសិក្សាតំបន់អភិវឌ្ឍរុនតាឯក២៤រូប

សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចផ្តល់ក្របខណ្ឌដល់លោកគ្រូ អ្នកគ្រូ ជាមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងអប់រំ យុវជន និងកីឡា ចំនួន ២៤នាក់ ដែលបម្រើការងារនៅបឋមសិក្សា២កន្លែង នៅតំបន់អភិវឌ្ឍរុនតាឯក ឲ្យក្លាយជាមន្ត្រីពេញសិទ្ធិតែម្តង។

ការផ្តល់ជូនក្របខណ្ឌនេះ ត្រូវបានសម្តេចធិបតី ប្រកាសក្នុងកម្មវិធីជួបសំណេះសំណាលជាមួយ “បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់រុនតាឯក” ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលខណៈកំពុងជួបសំណេះសំណាលសម្តេចក៏បានហៅនាយកសាលាទាំងនៅសាលាបឋម និងអនុវិទ្យាល័យ៣រូបមកសួរនាំអំពីការបង្រៀន និងសំភារៈប្រើប្រាស់មួយចំនួនផងដែរ ។

ក្រោយបានស្តាប់ពីការរៀបរាប់របស់លោកគ្រូ-អ្នកគ្រូរួចហើយ សម្តេចធិបតីគូសបញ្ជាក់ថា ការផ្តល់ជូននេះ ដើម្បីលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ជាមន្ត្រីកិច្ចសន្យា ដែលបានរួមចំណែក ក្នុងការកសាងធនធានមនុស្ស នៅតំបន់អភិវឌ្ឍរុនតាឯក និងដើម្បីឲ្យលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់ ផ្តល់ការអប់រំដល់សិស្សានុសិស្ស។

សូមរំលឹកថា លោកគ្រូ អ្នកគ្រូ ដែលទទួលបានក្របខណ្ឌពេញសិទ្ធិ មកពីសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុន សែន រុនតាឯក(សាលាបង្កើតថ្មី) ក្របខណ្ឌ១០នាក់ និងសាលាបឋមសិក្សាជាលាធំ (សាលាចាស់) នៅតំបន់រុនតាឯក ក្របខណ្ឌ១៤នាក់ ៕

To Top