ព័ត៌មានជាតិ

សម្តេចធិបតី ផ្តល់រថយន្តក្រុង១០គ្រឿង សម្រាប់ដឹកពលរដ្ឋ ពីរុនតាឯក ទៅកាន់ក្រុងសៀមរាប ដោយឥតគិតថ្លៃ

សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់រថយន្តក្រុងសាធារណៈចំនួន១០គ្រឿង សម្រាប់ដឹកពលរដ្ឋពីតំបន់អភិវឌ្ឍន៍រុនតាឯក ទៅកាន់ក្រុងសៀមរាប ដែលមានពីរវេន ព្រឹកនិងល្ងាច។

ការផ្តល់ជូនរថយន្តក្រុងនេះ ត្រូវបានសម្តេចធិបតី ប្រកាសក្នុងកម្មវិធីជួបសំណេះសំណាលជាមួយ “បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់រុនតាឯក” ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ ។

សម្តេចធិបតី បានគូសបញ្ជាក់ថា រថយន្តក្រុងដំណើរការរត់ពីរវេន ព្រឹកមួយវេន និងល្ងាចមួយវេន ។

ក្នុងនោះ សម្តេចធិបតីថែមទាំងបញ្ជាក់ថា មិនមានការយកប្រាក់ពីពលរដ្ឋឡើយ ប្រសិនបើមានករណីយកប្រាក់ពីពលរដ្ឋ អភិបាលខេត្តសៀមរាប ត្រូវទទួលខុសត្រូវ ៕

To Top