ភ្នំពេញ៖ ក្នុងរយៈពេល ៣សប្តាហ៍មកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយ តាមខ្នងផ្ទះទ្រង់ទ្រាយធំនៅទូទាំងប្រទេស ដើម្បីជំរុញឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យបានដឹង ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលប្រមុខរាជរដ្ឋាភិបាលទើបប្រកាស កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ។

បើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធដែលរួម មានអគ្គនាយកដ្ឋានទទួលបន្ទុក មន្ទីរការងារតាមបណ្តាខេត្ត និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មន្ត្រីក្រសួងការងារដែលរួមមានថ្នាក់ដឹកនាំផង បានចេញយុទ្ធនាការផ្សព្វផ្សាយ នៅគ្រប់ច្រកល្ហកទូទាំងប្រទេស ដើម្បីជំរុញការផ្តល់ព័ត៌មាន និងជំរុញការចុះឈ្មោះនៅនឹងកន្លែងតតែម្តង។

សូមបញ្ជាក់ថា ការដាក់ចេញយុទ្ធសាស្ត្រចុះផ្សព្វផ្សាយនេះ គឺធ្វើឡើងក្រោយការណែនាំរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានគូសបញ្ជាក់ថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណង ផ្តល់ព័ត៌មានឱ្យបានទូលំទូលាយអំពី កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ជាពិសេសនោះដើម្បីជាយន្តការជួយជំរុញ ឱ្យយុវជនគោលដៅចូលមកចុះឈ្មោះ ចូលរៀនវគ្គបណ្តុះបណ្តាលនេះឱ្យបានច្រើន តាមរយៈក្រុមការងារចូលទៅ គោះទ្វាដល់ផ្ទះរបស់ពួកគេផ្ទាល់ផងដែរ។

បើតាមការសង្កេតផ្ទាល់ ទោះបីថ្ងៃចុងសប្តាហ៍ក៏ដោយ ក្រុមការងារនៅតែបន្តចុះផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនរបស់ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានធ្វើយុទ្ធការចុះផ្សព្វផ្សាយស្តីការ ចុះឈ្មោះចូលរៀនសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ នៅតាមមូលដ្ឋាននានា ព្រមទាំងផ្តល់ព័ត៌មាន ទទួលសិស្សចុះឈ្មោះចូលរៀនផងដែរ។ យ៉ាងណាក៏ដោយ គិតមដល់ពេលនេះ អ្នកចុះឈ្មោះចូលរៀនមានប្រមាណជិត ១ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ពីប្រភព ដែលស្និទ្ធនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕




