ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាង ប្រមុខការទូតនៃប្រទេសទាំងពីរ កម្ពុជា-ចិននៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នាទីក្រុងប៉េកាំង លោក WANG YI រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានប្ដេជ្ញាបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់ចិន នៅក្នុងការអភិវឌ្ឍរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះប្រទេសចិន សម្រាប់ការបន្តជំនួយ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។
លោកឧបនាយករដ្ឋមន្ត្រី បានសំណូមពរ លោក WANG YI ជួយជំរុញឱ្យមានជើងហោះហើរផ្ទាល់ ពីខេត្តនានារបស់ចិន ទៅកាន់ព្រលានយន្តហោះថ្មី ក្នុងខេត្តសៀមរាប និងលើកទឹកចិត្តឱ្យមានកំណើន អ្នកទេសចរចិនបន្ថែម ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអនុវត្តការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ឆ្នាំ២០២៤ ដូចដែលបានប្រកាសដោយថ្នាក់ដឹកនាំ កំពូលនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក WANG YI បានសន្យាថា នឹងជួយជំរុញការអនុវត្តប្រកបដោយផ្លែផ្កា ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រួមទាំងការផ្សព្វផ្សាយទេសចរណ៍ និងការបង្កើនជើងហោះហើរផ្ទាល់ពីប្រទេសចិន មកខេត្តសៀមរាបផងដែរ៕