ព័ត៌មានជាតិ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្វាគមន៍យ៉ាងកក់ក្ដៅ រាល់កិច្ចការងារវិនិយោគ របស់សភាពាណិជ្ជកម្មឌូបៃ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក Marwan Al Marri នាយកប្រចាំតំបន់អាស៊ី នៃសភាពាណិជ្ជកម្មឌូបៃ ដោយក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាង សមាគមឧកញ៉ា កម្ពុជាផងដែរ។

ក្នុងជំនួបនេះ តំណាងសភាពាណិជ្ជកម្មឌូបៃលោក Marwan Al Marri បានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី អំពីសកម្មភាពវិនិយោគ ធ្លាប់បានអនុវត្តកន្លងមកក្នុងតំបន់ ដោយក្នុងនោះសភាពាណិជ្ជកម្មឌូបៃ ដើរតួរនាទីសំខាន់ ក្នុងការទាក់ទាញវិនិយោគិន និងបង្កើនសកម្មភាពពាណិជ្ជកម្ម។

លោក Marwan Al Marri បានសង្កត់ធ្ងន់លើទស្សនវិស័យ វិជ្ជមាន នៃពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ដែលស្របទៅនឹងផែនការអភិវឌ្ឍន៍ “D33” ត្រឹមឆ្នាំ២០៣៣ របស់អេមីរ៉ាតអារ៉ាប់រួមផងដែរ។

ឆ្លើយតបលើការលើកឡើង លោក ស៊ុន ចាន់ថុល បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅ រាល់កិច្ចការងារវិនិយោគ និងពាណិជ្ជកម្មដែលសភាពាណិជ្ជកម្មឌូបៃ តំណាងឱ្យអាជីវកម្មផ្សេងៗគ្នា មានបំណងក្នុងការពង្រីក កិច្ចសហប្រតិបត្តិការរួមគ្នា។

ក្នុងនោះ លោក ស៊ុន ចាន់ថុល បានជម្រាបជូនផងដែរ អំពីបេសកកម្ម របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដើរតួនាទីជាច្រកចេញចូលតែមួយ ក្នុងការសម្របសម្រួល កិច្ចការងារវិនិយោគ រវាងក្រសួង-ស្ថាប័ន រាជរដ្ឋាភិបាលកម្ពុជា ជូនផ្នែកឯកជន ហើយក្នុងនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសហការយ៉ាងជិតស្និត ជាមួយសមាគមឧកញ៉ាកម្ពុជា ដែលជាតួអង្គវិនិយោគិន ផ្ទាល់ផងដែរ។

ជាលទ្ធផលនៃកិច្ចពិភាក្សានេះ ភាគីទាំងពីររំពឹងថាក្នុងត្រីមាសទី១ ឆ្នាំ២០២៤ គ្រោងនឹងរៀបចំឱ្យមានវេទិការរវាងផ្នែកឯកជន ដែលនាំឱ្យវិនិយោគិន និងផ្នែកឯកជននៃប្រទេសទាំងពីរ អាចជួបជជែកពិភាក្សាគ្នាស៊ីជម្រៅ លើកិច្ចការងារវិនិយោគ និងពាណិជ្ជកម្ម ៕

To Top