ភ្នំពេញ៖ ស្របពេលដែល មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា បាននឹងកំពុងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែធ្នូ ឆ្នាំ២០២៣ អ្នកវិភាគនយោបាយកម្ពុជា បានប្រមើលមើល ឃើញថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ទំនងជាសមាជិកសមាជិការ នៃអង្គសន្និបាតគណបក្សទូទាំងប្រទេស បោះឆ្នោតជូន ឱ្យធ្វើជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។
នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បាន អញ្ជើញជាអធិបតីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលសន្និបាតនេះ មានរយៈពេល២ ថ្ងៃ គឺថ្ងៃទី ៩-១០ ខែធ្នូ ឆ្នាំ២០២៣។
យោងតាមសុន្ទរកថា បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ដើម្បីពង្រឹងគណបក្សយើងមួយកម្រិតថែមទៀត នៅក្នុងបរិបទថ្មី នៃការដឹកនាំអង្គមហាសន្និបាតលើកនេះ នឹងត្រូវធ្វើកិច្ចការមួយចំនួនដូចខាងក្រោម៖
១- ពិនិត្យឆ្លងសេចក្តីព្រាង បាយការណ៍ស្តីពីសភាពការណ៍ទូទៅនិងការងារគណបក្ស ឆ្នាំ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤
២-បោះឆ្នោតជ្រើសតាំង បំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលមួយចំនួន
៣- ក្នុងរយៈពេលនេះដែរ គណៈកម្មាធិការកណ្តាលនឹងបោះឆ្នោតជ្រើសតាំង បំពេញបន្ថែមសមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល, បោះឆ្នោតជ្រើសតាំងបន្ថែម អនុប្រធានគណបក្ស ព្រមទាំងបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការហិរញ្ញវត្ថុគណៈកម្មាធិការ កណ្តាលថ្មីផងដែរ៕