ព័ត៌មានជាតិ

វិទ្យាស្ថានបច្ចេកទេស ចំនួន២ នៅខេត្តព្រះសីហនុ ផ្តល់អាហារូបករណ៍ ដល់យុវជនមកពីគ្រួសារ ក្រីក្រចំនួនជិត ២ពាន់កន្លែង

ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេស មិត្តភាពកម្ពុជា ចិនខេត្តព្រះសីហនុ និងវិទ្យាស្ថានបច្ចេកទេស ខេត្តព្រះសីហនុ ប្រកាសផ្តល់អាហារូបករណ៍ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួនជិត២ពាន់នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ ឧបត្ថម្ភពីរាជរដ្ឋាភិបាល ។

បើតាមសេចក្តីប្រកាសរបស់វិទ្យាស្ថាន ពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុនៅថ្ងៃទី៩ ធ្នូ នេះឱ្យដឹងថា វិទ្យាស្ថានត្រូវការយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១៥០០នាក់ ចូលរៀនជំនាញវិជ្ជាជីវៈលើមុខជំនាញ ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការថែទាំ និងជួសជុលបរិក្ខារអេឡិចត្រូនិច ការផ្សារលោហៈដោយធ្នូអគ្គិសនី (ធូប) ការថែទាំនិងជួសជុលរថយន្ត សេវាកម្មកុំព្យូរទ័ សេវាកម្មបរិក្ខារ ត្រជាក់ក្នុងគេហដ្ឋាន ។

ដោយឡែកវិទ្យាស្ថាន ពហុបច្ចេកទេស ខេត្តព្រះសីហនុវិញ ក៏ប្រកាសជ្រើសរើសយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញ វិជ្ជាជីវៈលើជំនាញដូចជា ការដំឡើងបណ្តាញអគ្គិសនី ក្នុងអគារ ការផ្សារអគ្គិសនី ការងារកំបោរ ការថែទាំ និងជួសជុលរថយន្ត សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និងសេវាកម្មអតិថិជនផងដែរ។

ដោយសារតែការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានប័ណ្ណសមធម៌ និងប័ណ្ណគ្រួសារងាយរង ហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ រហូតបញ្ចប់វគ្គបណ្តុះបណ្តាល ៕

To Top