ព័ត៌មានជាតិ

កម្ពុជា នឹងឡើងបង្ហាញពី ការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល លើការពង្រឹង ការគាំពារសង្គម នៅទីក្រុងហ្សឺណែវ

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងឡើងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា លើការពង្រឹងការគាំពារសង្គម ក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់ នៃកម្មវិធីគំនិតផ្តួចផ្តើម «សិទ្ធិមនុស្ស៧៥» នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់នៃកម្មវិធីគំនិតផ្តួចផ្តើម «សិទ្ធិមនុស្ស៧៥» នៃសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស ដែលរៀបចំដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ នៅ Palais des Nations ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កម្រិតខ្ពស់នេះ នឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ហើយកម្ពុជា នឹងឡើងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល លើការពង្រឹងការគាំពារសង្គម ក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ និងរដ្ឋសមាជិកដទៃទៀត ក្នុងគោលដៅលើកកម្ពស់សកលភាព និងភាពមិនអាចកាត់ផ្តាច់ពីគ្នាបាននៃសិទ្ធិមនុស្ស និងការសម្លឹងឆ្ពោះទៅអនាគត៕

To Top