ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់អំពីជំហររបស់កម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ គឺការប្រកាសយុទ្ធនាការ «បណ្តុះកូនឈើ ១លានដើម ក្នុង១ឆ្នាំ» ជូនដល់ប្រជាពលរដ្ឋដាំ។
ឆ្លៀតក្នុងឱកាសពីការចូលរួមសន្និសីទកំពូលបណ្តាភាគីលើកទី២៨ (COP-28) នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNCCC) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាម់រួម លោករដ្ឋមន្ត្រី បានដឹកនាំប្រតិភូកម្ពុជាចូលរួមប្រជុំទ្វេភាគី ជាមួយ លោកស្រី Juliette Biao ប្រធានលេខាធិការដ្ឋាន នៃវេទិកាសហប្រជាជាតិ ស្តីពីព្រៃឈើ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបរិស្ថាន ទើបបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨។
លោករដ្ឋមន្ត្រី បន្ដថា ក្នុងនោះបានកំណត់ដាក់ចេញនូវការងារអាទិភាពមានដូចជា យុទ្ធនាការកាត់បន្ថយប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបាននិងកំពុងមានការគាំទ្រ និងចូលរួម ពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កម្មករ កម្មការនី រោងចក្រ និងអ្នកចូលរួមផ្សេងទៀត ដែលមានប្រជាជនសរុបចំនួន ៣,៤លាននាក់។
លោករដ្ឋមន្ត្រី ក៏គូសបញ្ជាក់ផងដែរអំពីជំហររបស់កម្ពុជាក្នុងការគ្រប់គ្រងធនធានធម្មជាតិ គឺការប្រកាសយុទ្ធនាការ «បណ្តុះកូនឈើ ១លានដើម ក្នុង១ឆ្នាំ» ជូនដល់ប្រជាពលរដ្ឋដាំ ក្នុងគោលបំណងដើម្បីបណ្តុះមនសិកាប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្ស ឱ្យចូលរួមជាមួយក្រសួងបរិស្ថាន ស្រលាញ់ និងថែរក្សាព្រៃឈើដើម្បីជាប្រយោជន៍យូរអង្វែងសម្រាប់ប្រជាជនគ្រប់រូប។ រួមជាមួយគ្នានេះដែរ គឺការអនុវត្ត Article 6 តាមរយៈការប្រែគោលនយោបាយដែលមានស្រាប់ទៅជាការអនុវត្តជាក់ស្តែង។ ទន្ទឹមនឹងនោះ ក្រសួងបរិស្ថាន នឹងអនុវត្តច្បាប់ ១០០% ដោយមិនលើកលែងចំពោះបុគ្គលដែលបង្កបទល្មើសធនធានធម្មជាតិផងដែរ។
លោកស្រី Juliette Biao ប្រធានលេខាធិការដ្ឋាន នៃវេទិកាសហប្រជាជាតិ ស្តីពីព្រៃឈើ បានសម្តែងនូវការកោតសរសើរដល់ការផ្តួចផ្តើមរបស់ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងការបង្កើតឱ្យមានយុទ្ធនាការទាំងនេះឡើង។
លោកស្រី បានបញ្ជាក់ថា ការដាក់ចេញនូវយុទ្ធនាការនេះគឺជាការសម្រេចចិត្ដដ៏ឆ្លាតវៃបំផុត គឺការបំផុសចលនាមហាជនឱ្យយកចិត្តទុកដាក់ និងចូលរួមជាមួយរដ្ឋាភិបាលក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ សម្រាប់ជាប្រយោជន៍យូរអង្វែងដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់។
លោកស្រី បានបង្ហាញពីការគាំទ្រ បញ្ជាក់ពីឆន្ទៈក្នុងការចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការគ្រប់គ្រងធនធានធម្មជាតិនេះ តាមរយៈការសិក្សា និងពិនិត្យលទ្ធភាពបន្ថែមទៀតក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងបរិស្ថាន ស្វាគមន៍ជានិច្ចចំពោះគ្រប់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលមានបំណងចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ពិសេសគឺចូលរួមជំរុញការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ឱ្យសម្រេចគោលដៅដើម្បីកម្ពុជាក្លាយជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។
សូមរំលឹកថា ជំនួបនេះបានធ្វើឡើងក្នុងគោលបំណង ដើម្បីស្តាប់សេចក្តីរាយការណ៍សង្ខេបអំពីការងាររបស់វេទិកាអង្គការសហប្រជាជាតិស្តីពីព្រៃឈើ (UNFF) រួមទាំង លទ្ធផលរំពឹងទុកនៃសម័យប្រជុំរបស់ UNFF19 ដែលនឹងរៀបចំនៅទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក នាពេលខាងមុខ រួមទាំងស្វែងរកឱកាសបន្ថែមទៀតដើម្បីពង្រីកកិច្ចសហការ ជាពិសេសលើការស្ដារព្រៃឈើ និងការកៀងគរហិរញ្ញប្បទានសម្រាប់ព្រៃឈើ៕