ភ្នំពេញ៖ កងកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ និងថ្នាំញៀនជិត១គីឡូក្រាម ។
ជាក់ស្ដែងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបនៅចំណុច ក្រោយវិទ្យាល័យសន្ធរម៉ុក ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមមាន៖ ១. ឈ្មោះ បឿន សុខលាភ ភេទប្រុស ឆ្នាំកំណើត២០០៣ ជនជាតិខ្មែរ, ២. ឈ្មោះ ហេង វណ្ណនិត ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ និង៣. ឈ្មោះ សុវណ្ណ រាជ ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ។
ចំណែកវត្ថុតាង និងសម្ភារចាប់យកបានរួមមាន៖ ១.គ្រឿងញៀនអ៊ិចស្តាស៊ី (MDMA) ទម្ងន់៩៥០.៩៧ក្រាម និងគ្រឿងញៀនកេតាមីន (KETAMINE) ទម្ងន់៦.៨២ក្រាម។
ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕