ភ្នំពេញ៖ បើគ្មានការប្រែប្រួលទេ នៅថ្ងៃ១៣ ធ្នូ ខាងមុខនេះ រដ្ឋសភានឹងបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើសមាសភាព ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាណត្តិថ្មី ។
ការកំណត់ថ្ងៃបោះឆ្នោតរបស់រដ្ឋសភានេះ បន្ទាប់ពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃ១១ ធ្នូ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើសមាសភាពបេក្ខជន ដែលបានដាក់ពាក្យជាថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភានីតិកាលទី៧ ។ ជាមួយគ្នានេះកិច្ចប្រជុំបានអនុម័ត កំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃ១៣ ធ្នូ ដើម្បីអង្គសភាធ្វើការបោះឆ្នោតទុកចិត្ត លើសមាសភាពគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧។

សូមជម្រាបថា កាលពីថ្ងៃ១៤ វិច្ឆិកា កន្លងមកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើគោលការណ៍ នៃការជ្រើសរើសសមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីប្រកាសជ្រើសរើសបេក្ខជន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយធ្វើការសម្របសម្រួលជាមួយ គណបក្សនយោបាយទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យសម្រេច និងបន្តនីតិវិធី៕
