ព័ត៌មានជាតិ

វៀតណាម ជឿថា ក្រោមការដឹកនាំ របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កម្ពុជានឹងកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ទៅមុខថែមទៀត

ភ្នំពេញ ៖ លោក ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងដោយជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែតនោះ នាវាកម្ពុជា នឹងកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ទៅមុខបន្ថែមទៀត ដើម្បីឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ ជាក់ជាមិនខាន ។

ការថ្លែងដោយភាពជឿជាក់ របស់នាយករដ្ឋមន្ត្រីវៀតណាមបែបនេះ ធ្វើឡើងក្នុងឱកាសជួបប្រជុំពិភាក្សា ការងារទ្វេភាគីជាមួយ សម្តេចនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសសម្ដេច បំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម ២ ថ្ងៃ ចាប់ពីថ្ងៃ១១-១២ ធ្នូ។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម បានសម្តែងនូវការអបអរសាទរ ចំពោះជោគជ័យ នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាចំពោះ សម្តេចធិបតីផ្ទាល់ ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធាន គណបក្សប្រជាជនកម្ពុជា ។

ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីវៀតណាម គូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម នឹងកាន់តែរីកចម្រើនរឹងមាំ ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុយជ្រោយ និងស្ថិរភាពយូរអង្វែង ។

ជាងនេះទៀតលោក ផាម មិញជិញ ក៏បានសម្តែងនូវការជឿជាក់ផងដែរថា «ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចនាយករដ្ឋមន្ត្រី នោះនាវាកម្ពុជានឹងកាន់តែអភិវឌ្ឍខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ ជាក់ជាមិនខាន» ។

ឆ្លៀតក្នុងឱកាសជំនួបនោះ សម្តេចធិបតី ក៏បាននាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា ព្រះមហាក្សត្រកម្ពុជា ជូននាយករដ្ឋមន្ត្រីវៀតណាម ផងដែរ ។

ជាមួយគ្នានេះ សមភាគីទាំងពីរ បានជម្រាបជូនគ្នាទៅវិញទៅមក អំពីស្ថានភាពនៃប្រទេសទាំងពីរ ពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ក៏ដូចជាបានធ្វើការពិភាក្សា និងវាយតម្លៃលើលទ្ធផល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងរយៈកាលកន្លងមក ព្រមជាមួយនឹងការដាក់ចេញ នូវទិសដៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជនទាំងពីរ ជាពិសេសវិស័យនយោបាយ, ពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, សុខាភិបាល, អប់រំ, ការតភ្ជាប់, ការពារជាតិ, សន្តិសុខ, ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន ។

ទន្ទឹមគ្នានេះ សមភាគីទាំងពីរ ក៏បានបង្ហាញនូវការពេញចិត្ត ចំពោះការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិនានា ដូចជា ក្របខ័ណ្ឌអង្គការសហប្រជាជាតិ, អាស៊ាន និងអនុតំបន់មេគង្គ ជាដើម ៕

To Top