ព័ត៌មានជាតិ

វិទ្យាស្ថានពហុប ច្ចេកទេស ខេត្តកំពង់ចាម ផ្តល់អាហារូបករណ៍ ជាង៤០០កន្លែង ដល់យុវជន មកពីគ្រួសារក្រីក្រ

ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម ផ្តល់អាហារូបករណ៍ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ៤២០នាក់ លើមុខជំនាញសំខាន់ៗចំនួន ៧ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ ឧបត្ថម្ភពីរាជរដ្ឋាភិបាល ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់វិទ្យាស្ថានកាលពីថ្ងៃទី១១ ខែធ្នូ ឆាំនា២០២៣ ដែលអ្នកសារព័ត៌មានទទួលបាន ។

បើតាមវិទ្យាស្ថាន ការបណ្តុះបណ្តាលជំនាញ ចំនួន៧ដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការផ្សារអគ្គិសនី ការថែទាំ និង ជួសជុលអគ្គិសនីរថយន្ត សេវាកម្មកុំព្យូទ័រ ការកែឆ្នៃបន្លែ និងផ្លែឈើ។ វិទ្យាស្ថានបានបញ្ជាក់ថា ការសិក្សាវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះយុវជន ត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ

វិទ្យាស្ថានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស វិទ្យាស្ថាននឹងផ្តល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ជាពិសេសនោះគឺ កន្លែងចុះកម្មសិក្សា នៅតាមសហគ្រាស គ្រឹស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន ។ បន្ទាប់ពីបញ្ជាប់វគ្គបណ្តុះបណ្តាលនេះ យុវជននឹងទទួលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសសិក្សាបន្ត ផងដែរ ។

ដោយសារតែការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាម ដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រទាំងអស់ក្រៅពីទទួលបានការសិក្សាដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួលបានប្រាក់ ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែរហូតបញ្ចប់វគ្គបណ្តុះបណ្តាល។

ការប្រកាសផ្តល់ អាហាររូបករណ៍ ពីវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាមនាពេលនេះ គឺធ្វើឡើងក្រោយពេល ដែលរាជរដ្ឋាភិបាល ប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលយុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ ដើម្បីឱ្យមានជំនាញជាក់លាក់ និងឆាប់មានការងារធ្វើសមរម្យ ៕

To Top