ភ្នំពេញ ៖ លោក ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម បានអបអរសាទចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតសម្រេចជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក្នុងឱកាសសម្ដេចបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោក ង្វៀន ហ៊្វូចុង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម។
លោក អគ្គលេខាធិការ ក៏បានសម្តែងនូវការកោតសរសើរដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើន រហូតនាំឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបសម្តែងការគួរសមចំពោះ លោក ង្វៀន ហ៊្វូចុង ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបកាលពីឆ្នាំ២០១៩ កន្លងទៅ និងបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ លោកអគ្គលេខាធិការបក្ស ផងដែរ ព្រមជាមួយនឹងការអំណរគុណចំពោះការអបអរសាទររបស់ លោក ង្វៀន ហ៊្វូចុង ក្នុងឱកាសដែលអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំង សម្តេចធិបតី ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
សូមរំលឹកថា ក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បានបោះឆ្នោតសម្រេចជ្រើសតាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា៕