ព័ត៌មានជាតិ

ប្រធានរដ្ឋវៀតណាម ៖ ក្រោមការដឹកនាំ សម្ដេចធិបតី​ កម្ពុជា នឹងបន្តអភិវឌ្ឍកាន់តែខ្លាំងក្លា

ភ្នំពេញ ៖ លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាម បានជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំជំនាន់ក្រោយ ពោរពេញដោយថាមភាព​ កម្ពុជានឹងបន្តអភិវឌ្ឍកាន់ខ្លាំងក្លាទៅមុខ បន្ថែមទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅ​វៀតណាម​ លោក វ៉ វ៉ាន់ធឿង បានអបអរសាទរចំពោះ សម្តេចធិបតី ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធាន គណបក្សប្រជាជនកម្ពុជា ដោយនេះពិតបានបង្ហាញយ៉ាងមុតមាំ អំពីជំនឿទុកចិត្តរបស់គណបក្ស មកលើសមត្ថភាព នៃការដឹកនាំរបស់ សម្តេចធិបតី ។

លោកប្រធានរដ្ឋ ក៏បានសម្តែងនូវការពេញចិត្ត ចំពោះដំណើរទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នាឱកាសនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ឱ្យកាន់តែជិតស្និទ្ធរឹងមាំបន្ថែមទៀត ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏ល្អរវាងប្រទេស និងប្រជាជន ទាំងពីរ ។

លើសពីនេះ លោក វ៉ វ៉ាន់ធឿង បានបង្ហាញនូវការជឿជាក់ថា «ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលពោរពេញដោយថាមភាពនេះ គឺកម្ពុជានឹងបន្តការអភិវឌ្ឍរបស់ខ្លួនកាន់ខ្លាំងក្លាទៅមុខបន្ថែមទៀត»។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកប្រធានរដ្ឋ និងបញ្ជាក់ផងដែរថា ប្រទេសវៀតណាម គឺជាប្រទេសទី១ នៅក្នុងតំបន់ អាស៊ានដែល សម្តេចធិបតី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការក្នុងនាមជានាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ។

ក្នុងជំនួបនេះ សម្តេចធិបតី បានជម្រាបជូន លោកប្រធានរដ្ឋវៀតណាម អំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំពិភាក្សាជាមួយនឹង លោកនាយករដ្ឋមន្ត្រី វៀតណាម ដោយក្នុងនេះ កម្ពុជា-វៀតណាម នឹងបង្កើន កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ជាច្រើន ជាពិសេសការបង្កើត នូវយន្តការកិច្ច សហប្រតិបត្តិការ នៅក្នុងវិស័យទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម «កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)» ជាដើម ។

លោកប្រធានរដ្ឋវៀតណាម បានសម្តែង នូវការវាយតម្លៃខ្ពស់ និងការគាំទ្រចំពោះលទ្ធផល នៃជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ និងបានផ្តាំផ្ញើ នូវការសាកសួរសុខទុក្ខ ជូនចំពោះអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រមទាំង សម្តេចតេជោ និងថ្នាក់ដឹកនាំផ្សេងទៀត របស់កម្ពុជា ព្រមជាមួយនឹង ការបញ្ជាក់ផងដែរថា លោក នឹងរង់ចាំស្វាគមន៍ជានិច្ច នូវព្រះរាជដំណើរយាងបំពេញ ទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងពេលខាងមុខ ៕

To Top