ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញអ្នកជំនាញ ជាន់ខ្ពស់ធ្វើបាឋកថា ពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញលោក សាស្រ្តាចារ្យ Dr. Michael Woolcock អ្នកជំនាញផ្នែកវិទ្យាសាស្រ្តសង្គម នៃធនាគារពិភពលោក និងសាស្រ្តាចារ្យផ្នែក គោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យហាវឺដ និង លោកស្រី Margaret Allison ទីប្រឹក្សារបស់ធនាគារ ពិភពលោក (World Bank) និងជាអតីតប្រធានទីភ្នាក់ងារមុខងារសាធារណៈនៃរដ្ឋឃ្វីនលែន ប្រទេសអូស្រ្តាលី ដែលជាអ្នកជំនាញជាន់ខ្ពស់ ធ្វើបាឋកថា ស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ដល់មន្រ្តីសុខាភិបាល។

លោកស្រី Margaret Allison បានធ្វើបទបង្ហាញ ពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំ ជាពិសេសភាពជាអ្នកដឹកនាំ នៅក្នុងវិស័យសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តការងារក្នុងវិស័យ សុខាភិបាលបន្ថែមទៀត។ ក្នុងនោះ លោកស្រី ក៏បានបង្ហាញអំពីសារៈសំខាន់ និងភាពខុសគ្នារវាងអ្នកដឹកនាំ និងអ្នកគ្រប់គ្រង។

ចំណែក លោកសាស្រ្តាចារ្យ Dr. Michael Woolcock ក៏បង្ហាញពីរបៀប នៃការដោះស្រាយបញ្ហា ដោយផ្អែកលើការបំបែក ជាបំណែកតូចៗ វិភាគរកមូលហេតុជាក់ស្តែងនៅនឹងកន្លែង (PDIA: Problem Drivence Iterative Adaptation) និងការត្រិះរិះរកដំណោះស្រាយឈរលើគោលការណ៍ ផ្តល់សិទ្ធអំណាចនិងគាំទ្រពីថ្នាក់ដឹកនាំ (Authority) ការស្រុះស្រួលគ្នាព្រមទទួលយកវិធីនៃការអនុវត្ត (Acceptance) និងលទ្ធភាពគាំទ្រ ដំណើរការ(Ability) ដើម្បីស្វែងរកលំហនៃការផ្លាស់ប្តូរ ដែលធ្វើអោយដំណើរ នៃអង្គភាពមានការ អភិវឌ្ឍន៏ទៅមុខជានិច្ច។

ជាមួយគ្នានេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ វាគ្មិន បានចំណាយពេលវេលា ក្នុងការចែករំលែក នូវបទពិសោធន៍ល្អៗ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ។ រដ្ឋមន្រ្តី ក៏បបញ្ជាក់ពីអត្ថប្រយោជន៍នៃការអនុវត្ត PDIA ផ្សារភ្ជាប់នឹងការងារជាក់ស្តែង និងភាពជាអ្នកដឹកនាំដោយ ត្រូវចេះបទបែនធ្វើយ៉ាងណា អោយការអភិវឌ្ឍន៍ស្ថាបន័ សុខាភិបាលមានភាពផ្លាស់ប្តូរ រីកចំរើនជានិរន្តន៍។

រដ្ឋមន្រ្តីបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពតម្រូវការជាក់ស្តែង ក្នុងនាមអ្នកដឹកនាំត្រូវដើរតួជាអ្នកដឹកនាំផង និងអ្នកគ្រប់គ្រងផង ដោយត្រូវធ្វើការបែងចែកទៅតាមពេលវេលា និងកាលៈទេសៈ។

សូមបញ្ជាក់ថា វគ្គនេះក៏មានការអញ្ជើញចូលរួម ផ្ទាល់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងអគ្គនាយករង អគ្គាធិការរង ប្រធានអង្គភាពក្រោមឱវាទក្រសួង និងមានការចូលរួមតាមអនឡាញហ្ស៊ូម ដោយប្រធានការិយាល័យ និង អនុប្រធានអង្គភាពថ្នាក់កណ្តាល ព្រមទាំងថ្នាក់ដឹកនាំនៃមន្ទីរ សុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ៕

To Top