ភ្នំពេញ ៖ កិច្ចជំនួបពិភាក្សាការងារជាមួយលោក Martin Vávra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា នាថ្ងៃ១៣ ធ្នូ ក្រៅពីការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការដោះស្រាយបញ្ហានានាហើយ ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម រំពឹងថា នឹងទទួលបានកិច្ចសហប្រតិបត្តិការ ជាជំនួយបច្ចេកទេស និងជំនួយអភិវឌ្ឍន៍ពីសាធារណរដ្ឋឆែក ដើម្បីជួយអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមឲ្យកាន់តែរីកចម្រើនទ្វេដង។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីបានសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមក រវាងប្រទេសទាំងពីរកម្ពុជា និងឆែក និងបានបញ្ជាក់ពីជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការនានាពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម ជាមួយប្រទេសឆែកផងដែរ។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីបានប្រាប់ប្រតិភូស្ថានទូតឆែកថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជាជាប្រមុខ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ក្នុងនោះដែរ ទឹកគឺជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់៕



