ព័ត៌មានជាតិ

ក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរអាជ្ញាធរ រៀបចំបុណ្យអុំទូក បានល្អប្រសើរ ញ៉ាំងឲ្យមានអ្នកមកកម្សាន្តរហូត៥លាននាក់

ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធ កងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរយៈពេល៣ថ្ងៃ៣យប់ ដោយមានភ្ញៀវជាតិ-អន្តរជាតិជាង ៥លាននាក់ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដោយមិនមានការបារម្ភពីបញ្ហាសន្តិសុខ ។

លោក ម៉ប់ សារិន បន្តថា សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ដែលកម្ពុជាមានបុណ្យជាតិធំៗ ដូចជា ពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក គឺអាជ្ញាធរបានអនុវត្តការងារទទួលបានជោគជ័យ និងសាទរពីប្រជាពលរដ្ឋ បន្ទាប់ពីអាក់ខានអស់រយៈពេល៣ឆ្នាំកន្លងមក ដោយសារការ រាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើររាជរដ្ឋាភិបាល និងគណៈអភិបាលរាជធានីភ្នំពេញ មន្រ្តីរាជការ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ និងបណ្តាក្រុមហ៊ុនឯកជន ដែលបានសហការគ្នាល្អរៀបចំប្រារព្ធព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ ធានាបានការថែរក្សា ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ ការការពារសុវត្ថិភាពបានល្អប្រសើរ ជាមួយនឹងការអញ្ជើញចូលរួមទស្សនាកម្សាន្តពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមានចំនួនរហូតដល់ជាង៥លាននាក់ ។

លោកថា ពលរដ្ឋបានចូលរួមអបអរសាទរ សប្បាយរីករាយ ដោយមិនមានការបារម្ភពីបញ្ហាសន្តិសុខ សុវត្ថិភាពអ្វីឡើយ ដែលញ៉ាំងឲ្យបុណ្យនេះ ប្រព្រឹត្តទៅដោយរលូន និងមានភាព អធិកអធម សប្បាយរីករាយធ្វើឲ្យរាជធានីភ្នំពេញ កាន់តែមានមុខមាត់ មានកិត្យានុភាព ហើយអំណោយផលដល់វិស័យទេសចរណ៍ថែមទៀតផង។

ក្នុងកិច្ចប្រជុំនេះដែរលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក មានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិជាង ៥លាននាក់ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដោយមិនមានការបារម្ភពីបញ្ហាសន្តិសុខ សុវត្ថិភាពអ្វីឡើយ។ ជាមួយគ្នានេះចំពោះកីឡាករទូក ង ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឲ្យមានទីតាំងស្នាក់នៅស្រួល មានបន្ទប់ទឹក មានទីតាំងពិនិត្យសុខភាព មានទីបញ្ជាការស្រាល ដើម្បីរក្សាសន្តិសុខ ជូនកីឡាករនិងប្រជាពលរដ្ឋ ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងពីការគ្រប់គ្រងការប្រមូលទុកដាក់សម្រាមបានល្អប្រសើរ ជាមួយក្រុមហ៊ុនប្រមូលដឹកជញ្ជូនសម្រាម ដោយកន្លងមក ក្នុងពិធីបុណ្យនេះ រដ្ឋបាលរាជធានីភ្នំពេញត្រូវប្រើប្រាស់ថវិការាប់ពាន់លានរៀល ដើម្បីបោសសំអាត និងដឹកជញ្ជូនសម្រាម តែសម្រាប់ឆ្នាំនេះបានបង្វែរថវិកានេះ ទៅជួយឧបត្ថមកងកម្លាំងវិញ។

លោក ឃួង ស្រេង បានឲ្យដឹងទៀតថា ជាមួយគ្នានេះក៏បានបំពាក់កាំមេរ៉ាសុវត្ថិភាព បង្កការងាយស្រួលដល់កម្លាំងមានសមត្ថកិច្ច លើការគ្រប់គ្រងសន្តិសុខ ដែលបានធ្វើឲ្យពិធីបុណ្យជាតិដ៏ធំនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ រហូតទទួលបានការកោតសរសើរ ពីភ្ញៀវជាតិនិងអន្តរជាតិ៕

To Top