កំពង់ចាមជាទឹកដីមួយដែលពោរពេញដោយសម្បូរសម្បត្តិ ដីស្រែ ចំការ ដំណៅកៅស៊ូ ចេក ល្ហុង ចន្ទី ម៉ាកប្រេងម៉ាកប្រាំង សាវម៉ាវ ខ្នុរ និងជាពិសេសដើមថ្នាំជក់ច្រើនអនេក។ សម្រស់ធម្មជាតិស្អាត ដីមានជីវជាតិល្អ រីឯកូនក្រម៉ុម អ្នកស្រុកវិញ គឺស្អាតមិនអាចយកអ្វីមកបរិយាយជំនួសបានឡើយ។ តទៅសូមលើកយកដើមថ្នាំជក់មកនិយាយបន្តិច។
ដើមថ្នាំជក់នៅកំពង់ចាម គេសង្កេតឃើញមានពលរដ្ឋដាំច្រើន។ នៅកោះសូទិន គេដាំដើមថ្នាំជក់បែបខ្មែរ រីនៅស្រុកស្ទឹងត្រង់និងស្រុកក្រូចឆ្មាដាំដើមថ្នាំជក់កាតាប។
បច្ចុប្បន្នភាពដើមថ្នាំជក់ខ្មែរបានថយចុះ ប៉ុន្តែដើមថ្នាំជក់កាតាបកើនឡើងនិងមានទីផ្សារល្អ។ ជាកសិករដែលមានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងការដាំដើមថ្នាំជក់ លោកពូ នួន ដោក លើកឡើងថា កូនថ្នាំ១ដើមត្រូវចំណាយពេលដាំ៤០ថ្ងៃហើយលក់ចេញវិញបានតម្លៃ៧០រៀលខ្មែរ។ ប្រកបរបរដាំដើមកូនថ្នាំផងនិងដើមថ្នាំផង លោកពូជួយកូន២ស្រីនាក់ឱ្យរៀននៅមហាវិទ្យាល័យ។
លោកបន្តថា សព្វថ្ងៃឈ្មួញកណ្តាលជាច្រើន គឺបានរងចាំទិញកូនថ្នាំនិងដើមថ្នាំទៅលក់បន្ត ពេលរដូវប្រមូលផលចូលមកដល់។
លោកពូ នួន ដោក បន្តថា កូនដើមថ្នាំចំណាយពេលដាំ៤០ថ្ងៃ។ ហើយដើម្បីទទួលបានផលកាន់តែថ្លៃ គឺត្រូវបន្តដាំដើមថ្នាំ៧០ថ្ងៃទៀត បន្ទាប់មកកាត់ស្លឹកថ្នាំស្រស់ទៅសម្ងួតដើម្បីបោះដុំលក់ចូលទីផ្សារ។ លោកបន្ថែមថា “ឈ្មួញធំៗ ទិញយកទៅលក់នៅវៀតណាម និងបន្តលក់ទៅទីប្រទេសចិនដែលជាទីផ្សារធំ”។
ជាការពិតណាស់ ផ្ទៃដី១ហិតាអាចដាំដើមថ្នាំបាន១ម៉ឺនដើម ហើយពេលស្លឹកធំល្អ គឺអាចរកលុយបាន៦លានរៀលឬស្មើនឹង១៥០០ដុល្លារអាមេរិក។ កសិករប្រកបរបរនេះ ត្រូវអត់ធ្មត់និងថែដើមថ្នាំណាស់ទើបានផលល្អ។ លោក ថេន វណ្ណ កសិករមួយរូបផ្សេងទៀតបញ្ជាក់ថា ជាទូទៅលោកដាំដើមថ្នាំធំសុទ្ធចន្លោះពី៥ម៉ឺទៅ៦ម៉ឺដើមក្នុងមួយឆ្នាំៗ។ ក្រោយកាត់ចំណែកចំណាយផ្សេងៗ លោកអាចសល់ប្រាក់ចំណេញជាង៤ពាន់ដុល្លារ(៤៥០០ដុល្លារអាមេរិក)។
ជាការពិតណាស់ របរដាំដើមថ្នាំនៅកម្ពុជាកំពុងថយចុះ ខណតម្លៃទីផ្សារហាក់ល្អប្រសើរឡើងវិញ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលថ្មីដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោន គឺយកការអភិវឌ្ឍន៍សេដ្ឋកិច្ចជាអត្ថិភាព។ ហើយរដ្ឋាភិបាលបានជំរុញឱ្យឈ្មួញត្រូវរក្សាលំនឹងតម្លៃផលិតផលកសិកម្ម និងបានជំរុញដល់ធនាគា ឱ្យបង្កើតភាពងាយស្រួលដល់កសិរករក្នុងការខ្ចីលុយយកទៅប្រើប្រាស់ក្នុងគោលដៅពង្រីកទុនវិនិយោគបន្ថែមនិងបង្កើនការដាំដុះឱ្យបានច្រើនដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបចច្ចុប្បន្ន៕