ភ្នំពេញ ៖ លោក ជុង អ៊ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) បានបង្ហាញការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជានោះ កម្ពុជា នឹងបន្តការអភិវឌ្ឍ កាន់តែខ្លាំងក្លាទៅមុខ ឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

លោក ជុង អ៊ីយ៉ុង បានលើកឡើងបែបនេះ នាឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញាតឲ្យចូលជួបសម្ដែងការគួរសម នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងជំនួបនេះដែរ លោកបានលើកឡើងអំពីសកម្មភាពការងារសំខាន់ៗមួយចំនួនរបស់ ICAPP ក្នុងការលើក កម្ពស់កិច្ចសហប្រតិបត្តិការ និង ការផ្លាស់ប្តូរទស្សនៈ រវាងបណ្តាគណបក្ស នយោបាយ នៅក្នុងតំបន់អាស៊ី។

មួយវិញទៀត លោក ក៏បានសរសើរ និងអរគុណ ចំពោះកម្ពុជា ដែលជាប្រទេសទីមួយ បានទទួលធ្វើជាម្ចាស់ផ្ទះ នមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ជាលើកទី២ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈកម្ពុជាធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី៦ ម្តងរួចមកហើយ កាលពីឆ្នាំ ២០១០ នៅរាជធានីភ្នំពេញ ។
លោកបញ្ជាក់ថា «ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី គឺកម្ពុជា នឹងបន្តការអភិវឌ្ឍរបស់ខ្លួនកាន់តែខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាក់ជាមិនខាន»។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង អំណរគុណ ICAPP បានគាំទ្រចំពោះដំណើរ ការប្រជាធិបតេយ្យ របស់កម្ពុជា រួមទាំងការបញ្ជូន អ្នកសង្កេតការណ៍បោះឆ្នោត មកចូលរួមដំណើរការបោះឆ្នោត នៅកម្ពុជា ក្នុងបណ្តាអាណត្តិកន្លងមក ជាប់រហូតមកដល់អាណត្តិទី៧នេះ ។ វត្តមាន និងសេចក្តីថ្លែងការណ៍ របស់អង្គការ ICAPP អំពីការពិតនៃទិដ្ឋភាពជាក់ស្តែង ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា គឺពិតជាបានចូលរួមចំណែក ក្នុងការការពារធម្មានុរូប ភាពត្រឹមត្រូវយុត្តិធម៌ និងអធិបតេយ្យភាព នៃការបោះឆ្នោតរបស់កម្ពុជា ។
ក្នុងន័យនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តចូលរួមយ៉ាងសកម្មនៅក្នុងអង្គការ ICAPP ដើម្បីសម្រេចបាន នូវបេសកកម្មរួមសម្រាប់តំបន់អាស៊ី ដែលមានសន្តិភាព និងវិបុលភាព ក៏ដូចជាបានសម្តែង នូវការគាំទ្រ ចំពោះការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ។
ដោយឡែក សម្តេចធិបតី ក៏បានរំឭកប្រាប់គណៈប្រតិភូ ICAPP ផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកន្លងមកនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងការបន្ថយភាពក្រីក្រ ក៏ដូចជាការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងដំណើរការប្រជាធិបតេយ្យ យ៉ាងគត់មត់ ហើយរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នឹង បន្តអនុវត្តគោល នយោបាយដ៏ត្រឹមត្រូវនេះ ព្រមជាមួយនឹង ការដាក់ចេញនូវ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១”, “កម្មវិធីគោល នយោបាយអាទិភាពចំនួន ៦” និង “វិធានការគន្លឹះចំនួន៥” ដែលសុទ្ធតែយកប្រជាជនជាស្នូល” តួយ៉ាងដូចជា៖ ការពង្រីកសេវាថែទាំសុខភាពសាធារណ:, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនចំនួន ១,៥ លាននាក់, ការលើកកម្ពស់កម្មវិធីជាតិជំនួយសង្គម, ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ការពង្រឹងគុណភាពសេវាអប់រំ ជាដើម ៕
