ភ្នំពេញ ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ផ្តល់អាហារូបករណ៍ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ៦០០នាក់ លើមុខជំនាញសំខាន់ៗចំនួន ៨ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដែលអ្នកសារព័ត៌មានទទួលបាន។
បើតាមមជ្ឈមណ្ឌល បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញចំនួន ៨មានដូចជា ការងារកំបោរ ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ការដំឡើងបណ្តាញ អគ្គិសនីក្នុងអាគារ ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត ការថែទាំ និងការជួសជុលរថយន្ត សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន សេវាកម្មកុំព្យូទ័រ សេវាកម្មសម្អាងកាយ ការកែច្នៃបន្លែ និងផ្លែឈើ។ វិទ្យាស្ថានបានបញ្ជាក់បន្ថែមថា ការសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះយុវជនត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ។
មជ្ឈមណ្ឌលបានបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស វិទ្យាស្ថាននឹងផ្តល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ជាពិសេសនោះគឺកន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន ។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះយុវជននឹងទទួលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសសិក្សាបន្ត ផងដែរ ។
ដោយសារតែការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រទាំងអស់ក្រៅពីទទួលបានការសិក្សាដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែរហូតបញ្ចប់វគ្គបណ្តុះបណ្តាល។
ការប្រកាសផ្តល់អាហាររូបករណ៍ ពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប នាពេលនេះ គឺធ្វើឡើងក្រោយពេល ដែលរាជរដ្ឋាភិបាល ប្រកាសដាក់ឱ្យដំណើរការកម្មវិធី បណ្តុះបណ្តាលយុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន១.៥លាននាក់ ដើម្បីឱ្យមានជំនាញជាក់លាក់ និងឆាប់មានការងារធ្វើសមរម្យ៕