ព័ត៌មានជាតិ

ឥណ្ឌូនេស៊ី ស្នើរដ្ឋបាលរាជធានីភ្នំពេញ ជំរុញការចងសម្ព័ន្ធមេត្រីភាព ជាមួយកោះសូម៉ាត្រា ឱ្យបានលឿន

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី​ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យបានលឿន ក្នុងការចងសម្ព័ន្ធមេត្រីភាព រវាងទីក្រុងភ្នំពេញ និងកោះសូម៉ាត្រា ។

ការស្នើរបស់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ធ្វើឡើងក្នុងឱកាស ជំនួបសម្តែងការគួរសមរវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។

នៅក្នុងជំនួបនេះ លោក ឃួង ស្រេង បានលើកពីរបបប៉ុល​ ដែលធ្វើឱ្យរាជធានីភ្នំពេញ ធ្លាក់ដល់ចំណុចសូន្យ តែក្រោយឆ្នាំ១៩៧៩ ក្រោយការរំដោះ ប្រទេសជាតិ និងក្រោមការដឹកនាំ របស់សម្ដេចតេជោ​ ហ៊ុនសែន បានធ្វើឲ្យទីក្រុងមួយនេះ មានការអភិវឌ្ឍរីកចម្រើន រហូតមកដល់បច្ចុប្បន្ន។ ក្នុងនោះចំពោះការអភិវឌ្ឍ រីកចម្រើនរបស់កម្ពុជា គឺពិតជាបានមកពីការរួមចំណែក ស្វែងរកសន្និភាពពីសំណាក់ ឥស្សរជនកំពូលៗ របស់សាធារណរដ្ឋ ឥណ្ឌូនេស៊ី នោះគឺលោក ស៊ូកាណូ​ (Soekano) និងលោក អាលី អាឡាតាស(Ali Alatas)។

បន្ថែមពីលើនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា ដើម្បីតបស្នងសងគុណ ចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាម ផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េប្រវែង៦ ២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពាន ព្រែកព្នៅ ជា “មហាវិថី ស៊ូកាណូ” (Soekano Boulevard) និងខ្សែទី២ ផ្លូវបេតុងម៉េប្រវែង៥ ៣៥៤ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ជា “មហាវិថី អាលី អាឡាតាស់” (Ali Alatas Boulevard)។​ ឈ្មោះផ្លូវទាំងពីរខ្សែនេះ នឹងសម្ពោធជាផ្លូវការ នៅពេលខាងមុខនេះ។

ព្រមជាមួយគ្នានេះ លោក សាន់តូ ជាម៉ូស៊ូម៉ាតូ បានអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានជួយសម្រួលប្រតិភូ ក្នុងរៀបចំវេទិកាអភិបាល ក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានីភ្នំពេញ និងរដ្ឋធានី អាស៊ាន ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញ ការកសាងទីក្រុងឆ្លាតមានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី» កាលពីថ្ងៃទី ០២- ០៣ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខា ភ្នំពេញ។

ក្នុងនោះ លោកទូត បានស្នើសុំឲ្យរដ្ឋបាល រាជធានីភ្នំពេញ ជួយការពារពលរដ្ឋឥណ្ឌូនេស៊ី​ នៅរាជធានីភ្នំពេញ ជាង២០០០នាក់ ដែលគ្រោងនឹងបោះឆ្នោត សកល នៅខែកុម្ភៈខាងមុខនេះ និងជំរុញឲ្យការចុះMoU ជាទីក្រុងសម្ព័ន្ធមេត្រី រវាងរាជធានីភ្នំពេញ និងកោះសូម៉ាត្រាឲ្យបានលឿន៕

To Top