ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តឲ្យមន្ត្រី នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ពង្រឹងសមត្ថភាព ក្នុងការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ និងរដ្ឋាភិបាល

កំពង់ចាម ៖ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០២៣ នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍លើកទឹកចិត្ត ដល់មន្ត្រីទាំងអស់ នៃមន្ទីរព័ត៌មានខេត្តកំពង់ចាមឲ្យខិតខំពង្រឹងសមត្ថភាព ដើម្បីផលិតព័ត៌មានជូនដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ឲ្យបានឆាប់រហ័ស និងប្រកបដោយគុណភាព ស្របតាមសម័យ កាលដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា នៅក្នុងអាណត្តិទី ៧ នេះ ក្នុងក្របខណ្ឌ នៃការងាររបស់ក្រសួងព័ត៌មាន បានដាក់ចុះ នូវគោលនយោបាយជារួមគឺការ កំណែទម្រង់មុខងារសាធារណៈផង និងការធ្វើទំនើបកម្ម ស្ថាប័ន របស់ក្រសួងព័ត៌មានផងដែរ។

លោក នេត្រ ភក្រ្តា បានមានប្រសាសន៍បន្តថា នៅក្នុងទិសដៅរបស់ក្រសួងព័ត៌មាន គឺបានកំណត់ នូវចក្ខុវិសី ធ្វើយ៉ាងណាឱ្យអង្គភាពព័ត៌មាននេះ ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាល និងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលមានសម្ដេច ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា សម័យបច្ចុប្បន្នបច្ចេកវិទ្យាទំនើប ប៉ុន្តែមន្ត្រីរបស់យើង អត់ទាន់មានជំនាញច្បាស់លាស់នៅឡើយ ដូច្នេះចាំបាច់យើងត្រូវគិតគូរ បណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ពួកគាត់បន្ថែម ដើម្បីឲ្យបន្តស៊ី ទៅនឹងអ្វីដែលជាការវិវត្ត នៃប្រព័ន្ធផ្សព្វផ្សាយរបស់យើង ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា មន្ត្រីរបស់យើង មិនអាចយកកិច្ចការដែលចេះពីសម័យមុន មកធ្វើការងារត្រឹមតែចំណេះដឹងដដែលៗនោះទេ ពោលគឺ មន្ត្រីយើងត្រូវតែពង្រីកសមត្ថភាព និងពង្រឹងចំណេះដឹងដែលយើងមាន ឲ្យស្របទៅនឹងការវិវត្តន៍របស់ប្រព័ន្ធផ្សព្វផ្សាយ ។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលបានបំពេញការងារនាពេលកន្លងមក បើទោះបីជា ជួបការលំបាក និងបញ្ហាប្រឈមខ្វះខាតសម្ភារ: យ៉ាងណាក៏ដោយ ក៏នៅតែជំនះ ទៅលើការបំពេញការងាររបស់ខ្លួន រហូតទទួលបានលទ្ធផល ជូនខេត្ត និងជាតិ បានល្អប្រសើរផងដែរ ៕

To Top