ព័ត៌មានជាតិ

លោក សយ សុភាព៖ ប្រទេសសន្តិភាព នាំឱ្យ កើតភាពសុខសាន្ត

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយក ព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ប្រទេសជាតិមានសន្តិភាព នាំឱ្យកើតភាពសុខសាន្ត ។ក្នុងន័យនេះ លោកចង់សំដៅលើ ក្រើនរំលឹកដាស់តឿនដល់សកម្មជន និងអ្នកនយោបាយជ្រុលនិយម មួយចំនួន កុំឱ្យដើរញុះញង់ ជ្រុលនិយមទៅហួសអ្វីដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញ១៩៩៣ ។

នៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោក សយ សុភាព បានបង្ហោះរូបប្រាង្គប្រាសាទអង្គរ ដ៏ស្រស់ត្រកាល ដោយភ្ជាប់នូវខ្លឹមសារថា៖ «ព្រះមហាក្សត្រ និង មេដឹកនាំកំពូល គឺជាតួអង្គអភិបាលខ្មែរ ដ៏ប្រត្យក្សមិនមែនមកពីឋានផ្សេង នោះទេ។ ប្រាង្គប្រាសាទដ៏មហាអស្ចារ្យទាំងនេះ គឺជាស្នាដៃបុព្វបុរសខ្មែរ ដឹកនាំដោយព្រះរាជាសម័យចក្រភពអង្គរ កសាង មិនមែនកើតឡើងដោយសារ ជប់ពីព្រះឥន្ទទេ។ ព្រះអង្គបានបន្សល់ទុក កេមរតក មកឱ្យយើង។ យើងទាំងអស់គ្នា គឺជាខ្មែរខិតខំថែរក្សាណាស់ ដើម្បីកូនចៅ ពិសេសខំទាក់ទាញទេសចរជិតឆ្ងាយ មកលេងដើម្បីបានចំណូលកសាងប្រទេស និង ចិញ្ចឹមបីបាច់ថែរក្សា កូនចៅយើង។ អ្នកដឹកនាំប្រទេស របស់យើងប្រឹងប្រែងណាស់ ខំរកវិធីទាក់ទាញវិនិយោគ កសាងសមិទ្ធិផលបន្ថែម សម្រាប់និងរៀបចំតុបតែង កែលំអរឱ្យកាន់តែទាក់ទាញ»។

លោក សយ សុភាព គួសបញ្ជាក់ថា «សូមបងប្អូនខ្មែរណានោះ កុំជ្រុលនិយមទៅហួសអ្វី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ១៩៩៣។ របស់ទាំងពួងដែលកំពុងមាននៅក្នុងប្រទេស គឺជាស្នាដៃមេដឹកនាំ របស់ជាតិ បាននិងកំពុងកសាងពិតប្រាដក មិនមែនកើតឡើង ដោយមនុស្ស មកពីភពផ្សេង ឧបដិក ឱ្យមកទេ ប្រទេសសន្តិភាពនាំឱ្យកើតភាពសុខសាន្ត»។

លោក សយ សុភាព បន្ថែមថា ឥឡូវចូលមកដល់រដូវទេសចរណ៍ហើយ រដ្ឋាភិបាលកំពុងទាក់ទាញភ្ញៀវមកទស្សនា និងរៀបចំព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រសំខាន់ មិនឱ្យដាច់ ដូច្នេះយើងត្រូវរួមនិងឈរ នៅពីក្រោយអ្នកដឹកនាំជាតិរបស់យើង ព្រះមហាក្សត្រ របស់យើង។ ខ្មែរដែលរស់សល់ពីការកាប់សម្លាប់ របស់អាពត មហាព្រៃផ្សៃ និងបញ្ចប់សង្រ្គាមឯកភាពទឹកដី កសាងប្រទេសឡើងវិញនោះ កំពុងនៅជាមួយអភិបាលយើង មិនមែនមនុស្សដែលយើងមើលមិនឃើញនោះទេ។ សូមចងចាំជាក់ច្បាស់ថា «សម័យកូវីដ១៩ រាជរដ្ឋាភិបាលប្រឹងប្រែងណាស់ សង្រ្គោះយើងចេញពីមេរោគដ៏ចង្រៃ តាមរយៈការចាក់ស្រោចវ៉ាក់សាំង ដែលទិញនិងបានមកពីមហាមិត្តនានា ដែលជួយយើង»។

លោកសង្កត់ធ្ងន់ថា «មានទេវតាពិតតែមួយគត់ គឺជាកំពូលមនុស្ស ដែលជាមេដឹកនាំ ជួយយើងដោយពិតច្បាស់ជាក់ស្តែង និងភាពប្រាកដនិយម»៕

To Top